ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញនូវសេចក្តីប្រកាស លុបឈ្មោះមន្ត្រីពន្ធនាគារចំនួន ៥រូប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ករណីប្រើប្រាស់គ្រឿងញៀន។ នេះបើតាមប្រកាសចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។មន្ត្រីពន្ធនាគារ ៥រូបត្រូវលុបឈ្មោះចេញពីក្របខណ្ឌពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន


បើតាមសេចក្តីប្រកាសខាងលើ មន្ត្រីពន្ធនាគារដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌទាំង៥រូបនេះ រួមមាន៖ ទី១៖ លោកវរអគ្គានុរក្សថ្នាក់លេខ២ ផុន វណ្ណៈ អត្តលេខ០៣៣៥ អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី១។ ទី២៖ លោកវរអគ្គានុរក្សថ្នាក់លេខ៣ ហូ សុជាតិ អត្តលេខ០៣៥១ មន្ត្រីនៃមណ្ឌលអប់រំកែប្រែទី ១។ ទី៣៖ លោកវរអគ្គានុរក្សថ្នាក់លេខ៣ គង់ ដារ៉ា អត្តលេខ២០០៤ មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល។ ទី៤៖ លោកអនុរក្សថ្នាក់លេខ២ កេង ស៊ីឌុន អត្តលេខ៣០០៩ មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល។ និងទី៥៖ លោកអនុរក្សថ្នាក់លេខ៣ ខ្ចៅ សិរីរ័ត្ន អត្តលេខ៣០៦៣ ន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្លែងទៅកាន់មន្រ្តីពន្ធនាគារ។
ក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានផ្ដល់អនុសាសន៍ឱ្យអគ្គនាយកដ្ឋានពន្ធនាគារ រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទូទាំងប្រទេស ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ដើម្បីឈានទៅរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីស្ថានភាពក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។
សម្រាប់គំនិតផ្តួចផ្តើមនេះ ឯកឧត្តម ស សុខា ចង់ផ្ដល់ឱកាសជូនភាគីពាក់ព័ន្ធ ជាពិសេសអង្គការជាតិ និងអន្តរ ជាតិ បានមើលឃើញដោយផ្ទាល់ភ្នែក និងស្វែងយល់កាន់តែច្បាស់អំពីស្ថានភាពពិតនៃការខិតខំប្រឹងប្រែងរបស់ មន្រ្តីពន្ធនាគារ ក្នុងការអនុវត្ត លើកស្ទួយសិទ្ធិជនជាប់ឃុំតាមច្បាប់កំណត់ ជាអាទិ៍សិទ្ធិទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សិទ្ធិសុខភាព ជំនឿសាសនា និងការផ្គត់ផ្គង់របបអាហារជាដើម៕

