អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដើម្បីពង្រឹងបណ្ដាញយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានឧត្ដមសិក្សាក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្ដម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្ដាល និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្ដីទី កាកបាទក្រហមកម្ពុជា បានជួបប្រជុំពិភាក្សាជាមួយសាកលវិទ្យាធិការ សាកលវិទ្យាធិការរង នាយក នាយករង ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជន នៃគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន១០ និងឯកជនចំនួន១៤ ក្នុងរាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រីនៃក្រុមការងារអភិវឌ្ឍន៍ស្ថាប័ននៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ អង្គប្រជុំបានសម្រេច និងឯកភាព ក្នុងការកសាងកម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន២៤ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ៤៣០០នាក់ (ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន ១០ ត្រូវពង្រឹងកម្លាំងយុវជនចំនួន ២២៤៤នាក់, គ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន ១៤ ត្រូវពង្រឹងកម្លាំងយុវជនចំនួន ២០៥៦នាក់) ដែលយុវជនថ្មីទាំងអស់នេះ ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ស្តីពី ១/. ប្រវត្តិចលនាអន្ដរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិ ២/. មូលដ្ឋានគ្រឹះវិជ្ជាសង្គ្រោះបឋម និង៣/.គោលនយោបាយ តួនាទី ភារកិច្ចរបស់យុវជន អ្នកស្ម័គ្រចិត្ត។

បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលខាងលើនេះរួច, យុវជនទាំងអស់ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសម្គាល់ខ្លួន និងការបំពាក់ឯកសណ្ឋាន ដើម្បីបំពេញតួនាទី-ភារកិច្ចជាយុវជនកាកបាទក្រហមកម្ពុជា ជាមិត្តអប់រំមិត្ត ជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន បំពេញសកម្មភាពការងារមនុស្សធម៌នៅតាមគ្រឹះស្ថានឧត្តមសិក្សារៀងៗខ្លួន និងក្នុងការងារសង្គមផ្សេងៗ៕

Share.