ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ រួមដំណើរជាមួយប្រពន្ធ បើករថយន្តCRV មិនចាញ់ក្មេងស្ទាវ បោះពួយល្បឿន លឿន វ៉ាជែងជ្រុលទៅបុកទ្រូងផ្លូវ ប៉ើងខ្ទាតបាក់អស់២កង់ រថយន្តខ្ទេចមុខ ដាច់បាក់កង់ឆ្វេង ហូរប្រេងកក្លាក់ ។ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សុី មុខច្រកចូលព្រលាន ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តបង្កខាងលើ ម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K-8281 បើកបរដោយបុរសចំណាស់ម្នាក់ រួមដំណើរជាមួយប្រពន្ធ ។

បើតាមអ្នកបើកបររថយន្ត បានឱ្យដឹងថា គាត់រួមដំណើរ២នាក់ប្រពន្ធ ប្រញាប់ទៅប្រជុំ បើករថយន្តជ្រុលបុកផ្ទប់ទ្រូងផ្លូវ ។ បុរសខាងលើ និងប្រពន្ធ បានឱ្យដឹងដែរថា គាត់បើកបុកតែទ្រូងផ្លូវទេ មិនបានប៉ះពាល់ របួសដល់មនុស្ស នាំគ្នារើកកាយប្រមូលយកអុីវ៉ាន់ពីក្នុងរថយន្ត ដាក់ម៉ូតូកង់បី ធ្វើរំភើយ ក៏ប៉ុន្តែគ្រាន់តែក្រឡេកឃើញសមត្ថកិច្ចម្នាក់មកដល់ អ្នកបើករថយន្តស្ទុះឡើងកង់បី ហើយឱ្យបើកចេញទៅឈប់ឱ្យឆ្ងាយ ពីកន្លែងកើតហេតុបន្តិច នៅសល់តែប្រពន្ធ បន្តរើយកអុីវ៉ាន់ សមត្ថកិច្ចនាំយកទៅឱ្តអង្គុយមួយកន្លែងសិន ។

បើតាមអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ រថយន្តបើកមិនចាញ់ក្មេងស្ទាវប៉ុន្មានទេ បោះពួយល្បឿនលឿន ពីកើតទៅលិច វ៉ាជែងគេឯង ដល់ចំណុចកើតហេតុ ជ្រុលបុកទ្រូងផ្លូវ ប៉ើងខ្ទាក់បាក់២កង់ មានមួយកង់ផ្លោងជាង១០ម៉ែត្រ ទៅកណ្តាលបំណែកផ្លូវម្ខាងទៀត រថយន្តរងខូចខាតខ្ទេចមុខ បាក់ដាច់កង់ខាងឆ្វេង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅ ពិនិត្យផលប៉ះពាល់ ខូចខាតទ្រព្យសម្បត្តិសាធារណៈ រួចប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងស្ទូចលើកយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.