ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារធនធានទឹកខេត្តក្រចេះ និងខេត្តស្ទឹងត្រែង រួមជាមួយមន្រ្តីមួយចំនួនទៀតបានចុះពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករស្ថិតនៅភូមិសាស្ត្រឃុំឆ្លូង ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហោះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួង ការអនុវត្តការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាកសិករនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រទូទាំងខេត្តក្រចេះ សម្រេចបានចំនួនប្រមាណ ១៤ ១៣២ហិកតា លើសផែនការគ្រោងទុកចំនួន ១៤ ០០០ហិកតា ដែលស្មើនឹង ១០០,៩៤%។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសង្រ្គោះស្រូវរដូវប្រាំងរបស់ប្រជាកសិករ ដែលប្រឈមនឹងបញ្ហាខ្វះទឹក។

ដោយឡែកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ម្សិលមិញដែរ អភិបាលខេត្តកំពង់ធំ ចុះពិនិត្យទីតាំងស្រូវរដូវប្រាំង ដែលបានជួយសង្គ្រោះទាន់ពេលវេលានូវស្រូវរបស់កសិករ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ អភិបាលខេត្តកំពង់ធំបន្ថែមទៀថា ស្រូវរដូវប្រាំងនៅពេលនេះ មានទឹកគ្រប់គ្រាន់ ស្ថានភាពស្រូវល្អ អាចប្រមូលបានផលច្រើន តម្លៃស្រូវសមរម្យ និងបានជួយសម្រួលជីវភាពបងប្អូនបានធូរស្រាលមួយកម្រិតទៀតផង។

ទោះបីបែបនេះក្តី ក៏អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋដែលបាននិងកំពុងបង្កបង្កើនផលស្រូវរដូវប្រាំងនៅពេលនេះ បន្ទាប់ពីប្រមូលផលដំណាក់កាលទី១ចប់ មុននឹងចាប់ផ្តើមបង្កបង្កើនផលម្តងទៀតត្រូវស្វែងយល់ពីទំហំដាំដុះនិងប្រភពទឹកដែលមាន តើអាចផ្គត់ផ្គង់បានកម្រិតណា ដើម្បីបញ្ចៀសហានិភ័យនៃការខាតបង់។

សូមរំលឹកថា រយៈពេលចុងក្រោយនេះនៅតាមបណ្តាខេត្តមួយចំនួន អាជ្ញាធរបានប្រកាសឱ្យប្រជាកសិករផ្អាកការធ្វើស្រែប្រាំងលើកទី២ ជាបន្តបន្ទាប់ ខណៈប្រភពទឹកដែលមានពុំអាចមានសមត្ថភាពគ្រប់គ្រាន់ផ្គត់ផ្គង់ការស្រោចស្រពដំណាំស្រូវបាននោះទេ ខណៈត្រូវរក្សាខ្លះដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ដោយឡែកតាមខេត្តនានាដូចជា ពោធិ៍សាត់ ស្វាយរៀង កំពង់ចាម កំពង់ឆ្នាំ តាកែវ ក្រចេះ និងកំពង់ធំនេះ អាជ្ញាធរពាក់ព័ន្ធបានចុះពិនិត្យជាប្រចាំនិងបានដាក់ម៉ាស៊ីនបូមទឹកដើម្បីសង្គ្រោះផលស្រូវប្រាំងដែលបងប្អូនបានដាំតាំងពីដំណាក់កាលទី១ ដែលមិនទាន់ប្រមូលផល៕

Share.