ស្វាយរៀង ៖ រថយន្តហាយឡែនឌ័រមួយគ្រឿងបើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បើកបុកម៉ូតូហុងដាឌ្រីម របួសស្រាលស្ត្រីម្នាក់ ហើយរេចង្កូតហោះក្រឡាប់ទៅលើគំនរអុស ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្មំពេញ 2AD-1365 បើកបរដោយបុរសចំណាស់ម្នាក់ ក្នុងស្ថានភាពស្រវឹង បើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1R-0467 ជិះដោយស្ត្រីម្នាក់ រងរបួសស្រាល ម៉ូតូផ្លោងខ្ទាតធ្លាក់ផ្លូវ រថយន្តមិនទាន់អស់ល្បឿន បោលទៅមុខជាង៥០ម៉ែត្រ ទើបរេចង្កូតធ្លាក់ផ្លូវ ហោះក្រឡាប់ទៅលើគំនរអុស អ្នកបើកបររបួសស្រាស ស្វាងស្រាចែស ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារ ឌុបតាមម៉ូតូយកទៅពេទ្យដោយខ្លួនឯង ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.