ភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបើកបត់ឆ្លងផ្លូវ ជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីម បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ដាច់ជើងឆ្វេង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង០៥នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខច្រកចូលសាលាសង្កាត់ចោមចៅទី៣ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ម៉ៅ ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់ដាច់ជើងឆ្វេង ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ ភាគីខាងរថយន្ត ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-8891 បើកបរដោយឈ្មោះ នូ ឧត្តា ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅ ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល បានបើកពីលិចទៅកើត ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវចូលសាលាសង្កាត់ ស្រាប់តែភាគីខាងម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1E-9103 ធ្វើដំណើរពីលិចទៅកើត លឿនជ្រុលទៅបុក ផ្លោងខ្ទាត រងរបួសធ្ងន់បាក់ដាច់ជើងឆ្វេង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារ លើកបីយកចូលគ្លីនិកជាប់នោះ រីឯរថយន្ត និងអ្នកបើកបរ រួមទាំងម៉ូតូ ត្រូវបាន ប្រគល់ឱ្យការិយាល័យចរាចតណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

