មិនធម្មតាមែន! តារាចំរៀងលំដាប់អន្តរជាតិ Jenifer Lopez ហៅ JLO ទទួលបានចិញ្ចៀនភ្ជាប់ពាក្យរៀបការម្ដងៗ មានតម្លៃខ្ទង់លានដុល្លារ។
តារាចម្រៀងស្រីលំដាប់ថ្នាក់អន្តរជាតិ ចេនី ហ្វឺលូប៉េស (Jenifer Lopez) បានក្លាយជាម្ចាស់ចិញ្ជៀនពេជ្រទំហំ ៦ការ៉ាត ពណ៌ផ្កាឈូកដ៏កម្រ ដែលមានតម្លៃ១២លានដុល្លា បើគិតក្នុងពេលបច្ចុប្បន្ន ដោយចិញ្ចៀននោះ JLO ទទួលបានពីអតីតគូដណ្ដឹងលោក Ben Affleck កាលពីឆ្នាំ ២០០២ ដោយកាលនោះមានតម្លៃត្រឹមតែ ២.៥លានដុល្លារទៅ ៣.៤លានដុល្លារ។

ចិញ្ចៀនតម្លៃខ្ទង់លានដុល្លារទីពីរដែលតារាស្រីល្បីរូបនេះទទួលបានគឺពីអតីតស្វាមី លោក Marc Anthony ដោយអ្នកទាំងពីរបានរៀបការជាមួយគ្នានៅឆ្នាំ២០០៤ ហើយបានលែងលះគ្នាវិញនៅឆ្នាំ២០១៤។ កាលនោះចិញ្ចៀនរៀបការទំហំ៨.៥ការ៉ាត ដែលអ្នកនាងទទួលបានមានតម្លៃ៤លានដុល្លារ បើគិតមកដល់បច្ចុប្បន្នតម្លៃមិនក្រោម១០លានដុល្លារនោះទេ។

ចុងក្រោយចិញ្ចៀនតម្លៃខ្ទង់លានទីបីដែលតារាល្បីរូបនេះទទួលបានគឺពីលោក Alex Rodriguez កាលពីឆ្នាំ២០១៩ បន្ទាប់ពីចាប់ផ្ដើមសេពគប់គ្នាតាំងពី២០១៧។ ចិញ្ចៀនពេជ្រទំហំ ១៥ការ៉ាត ដែល JLO ទទួលបានកាលណោះមានតម្លៃពី ១លានដុល្លារទៅ៣លានដុល្លារ តែគួរឱ្យស្ដាយចំណងស្នេហ៍បានបញ្ចប់ត្រឹមឆ្នាំ២០២១។

អ្នកនាង ចេនី ហ្វឺលូប៉េស គឺជាតារាស្រីលំដាប់ថ្នាក់អន្តរជាតិដែលមានចិញ្ជៀនអាពាហ៍ពិពាហ៍ថ្លៃបំផុត ក្នុងចំណោមតារាអន្តរជាតិ ២០នាក់ផ្សេងទៀតដែលមានចិញ្ជៀនអាពាហ៍ពិពាហ៍ថ្លៃបំផុតដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន PopSugar។
ដោយ៖ ជុំ ពេជ្រវណ្ណារ៉ា
