ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីម២គ្រឿង ជិះលឿនបុកគ្នា រងរបួសធ្ងន់សងខាង សន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង១២និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្រោមស្ពានអាកាសជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា ភាគីខាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1V-8466 ជិះដោយឈ្មោះ មួន សុខនីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកភាគី ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JQ-7840 បើកដោយ ឈ្មោះ ឈឹម សុខវិន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពបន្តទៀតថា មុនកើតហេតុ ម៉ូតូពាក់ស្លាកលេខ តាកែវ បានបើកតាមផ្លូវក្រោមស្ពាន ពីជើងទៅត្បូង ឆ្លងផ្លូវជាតិលេខ៤ ជ្រុលបុកគ្នាជាមួយ ម៉ូតូពាក់ស្លាកលេខ ភ្នំពេញ ដែលជិះល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត បណ្តាលឱ្យដួល រងរបួសធ្ងន់ សងខាង សន្លប់ស្តូកស្តឹង ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.