សាកសពយុវជនម្នាក់ដែលបានចុះលេងទឹកស្រះរណ្តៅដីចាស់ជម្រៅ៣០ម៉ែត្រជាមួយមិត្តភ័ក្តិ របស់ខ្លួនកាលពីរសៀលថ្ងៃទី១១ ខែសីហាឆ្នាំ២០២១ ត្រូវបានក្រុមគ្រួសារជួលអ្នកភូមិ យកអួនមកអូសរួចហើយក៏អណ្តែតឡើង នៅវេលាម៉ោង ៥និង៤០ព្រឹកថ្ងៃទី១២ខែឆ្នាំដដែល។
សពយុវជនរងគ្រោះមានឈ្មោះ ពៅ ម៉េង ហៀង អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ ជាមួយ ម្តាយដែលជាស្ត្រីមេម៉ាយនៅបន្ទប់ ជួលភូមិ ឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីមិត្តភ័ក្តិរបស់ជនរងគ្រោះបានឲ្យដឹងថា នៅរសៀលថ្ងៃទី១១ខែសីហា មុនពេលកើតហេតុវេលាប្រហែលជាម៉ោង ៣និង ៤០នាទីពួកគេបានជិះម៉ូតូចំនួន ៣គ្រឿង មានគ្នា ៦នាក់បានមកអង្គុយលេងក្បែរមាត់ស្រះរណ្ដៅដីខាងលើ ពេលដែលអង្គុយ លេង សុខៗស្រាប់តែជនរងគ្រោះបានបបួលមិត្តភក្កិរបស់គេចំនួន ៥នាក់ចុះទៅមុជទឹកលេង ពេលនោះជនរងគ្រោះបាន ដោះអាវហើយក៏ចុះទៅមុជទឹករួចពួកគេបានចុះទៅតាមក្រោយ។
ប្រភពព័ត៌មានបានបន្តថា ខណៈដែលពួកគេកំពុងតែហែលទឹកលេងស្រាប់តែជន រងគ្រោះ បាន បបួលគ្នាភ្នាល់គ្នាថាអ្នកណាមុជទឹកបានយូរជាងគេ។ ពេលនោះពួកគេបាន មុជទឹក ចំនួន៣នាក់ហើយ ៣នាក់ទៀតចាំមើលថាអ្នកណាមុជបានយូរជាងអ្នកណា។ ពេលនោះ មិត្តភ័ក្កិពីរនាក់ទៀតបានមុជហើយក៏ងើបមកវិញតែជនរងគ្រោះមិនទាន់ងើបពេលដែលងើប មកស្រាប់តែស្រែកឲ្យ ជួយ។ពេលនោះពួកគេក៏បាននាំគ្នាទៅជួយ ហើយយុវជន រងគ្រោះ បានឡើងជិះកពួកគេ ។ក្រោយមក ពួកគេក៏បានរើស យកតែរួចខ្លួនងើបមកលើ គោកហើយ ក៏បានបោះមែកឈើឱ្យជនរងគ្រោះតោង តែជនរងគ្រោះតោងមិនជាប់ ក៏របូតដៃ លង់ទឹក ស្លាប់តែម្ដងទៅ ។

ស្ត្រីដែលជាម្តាយយុវជនរងគ្រោះបានឲ្យដឹងថា រូបគាត់ជាស្ត្រីមេម៉ាយហើយមានតែ កូនប្រុស តែម្នាក់គត់។ នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២១កូនប្រុសរបស់គាត់ បានប្រាប់ គាត់ថាម៉ែខ្ញុំសុំទៅចាក់វ៉ាក់សាំង ជាមួយនិងមិត្តភ័ក្តិរបស់កូនគាត់៥នាក់ទៀតលុះនៅវេលា ម៉ោងកើតហេតុមិត្តភ័ក្តិរបស់កូនប្រុសរបស់គាត់ម្នាក់ដែលមកលេងទឹកជាមួយគ្នាបានជិះម៉ូតូទៅប្រាប់គាត់ថា មីងកូនមីងអាហៀងលង់ទឹកស្រះលិចបាត់ហើយ។ ភ្លាមៗនោះស្ត្រីជាម្តាយបានរូតរះមកកាន់កន្លែងកើតហេតុ លុះមកដល់បានត្រឹមតែអង្គុយ ទ្រហោយំ នៅមាត់ស្រះរងចាំមើលសពកូនប្រុសអណ្តែតតែប៉ុណ្ណោះ។
លុះដល់ព្រឹកថ្ងៃទី១២ខែឆ្នាំដដែល សពយុវជនរងគ្រោះត្រូវបានក្រុមគ្រួសារជួលអ្នកភូមិ យកអួន មកអូសក៏អណ្ដែតឡើងនៅវេលាម៉ោង៥និង៤០ព្រឹក រួចក៏បានស្រង់សពមកលើ គោក។ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅក្រុមគ្រួពេទ្យក្រសួងសុខាភិបាល ឲ្យចុះ មកយកសំណាក សពជនរងគ្រោះរួចបានបញ្ជាក់ថា អវិជ្ជមានជំងឺកូវីដ-១៩។

ក្រោយមកសមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័យក៏ លើសពជនរងគ្រោះ និងបាន បញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារលង់ទឹកពិប្រាកដមែន មិនមានពាក់ព័ន្ធនឹងករណី ឃាតកម្មអ្វីទេ។ក្រោយពីពិនិត្យសពរួចរាល់ហើយសមត្ថកិច្ចក៏បានធ្វើលិខិតប្រគល់សពជនរងគ្រោះឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបូរមាស៕
អត្ថបទ៖សេង សាវី
