ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះសម្ភារៈក្នុងឃ្លាំងដាក់អុីវ៉ាន់ នៅក្នុងបរិវេណដីឡូត៍ផ្ទះវីឡាមួយកន្លែង សង្ស័យផ្តើមចេញពីទុស្សេខ្សែភ្លើង ហុយផ្សែងខ្មួលខ្មាញ់ បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវ២០១១ ក្នុងភូមិគោកឃ្លាង សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ មានផ្សែងហុយចេញពីឃ្លាំងដាក់អុីវ៉ាន់ នៅជាប់ផ្ទះវីឡា ក្នុងបរិវេណដីឡូត៍ ចំណុចខាងលើ សង្ស័យទុស្សេខ្សែភ្លើង ឆាបឆេះចេញជាអណ្តាតភ្លើងសន្ធោឡើង បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការក្រុងភ្នំពេញ ចំនួន២គ្រឿងចេញទៅអន្តរាគមន៍ បាញ់ពន្លត់ភ្លើងឱ្យរលត់ទៅវិញភ្លាមៗ ។

សម្ភារៈមួយចំនួនរងខូចខាត តែមិនរាលដាលដល់ផ្ទះ ឬបង្កឱ្យអ្នកណារងរបួសឡើយ បន្ទាប់ពីបាញ់ទឹកអស់២សុីទែន ៕

អត្ថបទ៖ តាតុងសែនជ័យ

