បន្ទាយមានជ័យ៖ អភិបាលរងខេត្តបន្ទាយមានជ័យ និងអ្នកនាំពាក្យថា ប្រធានមន្ទីរ និងអនុប្រធាន៥រូប ប្រធានការិយាល័យ២រូបត្រូវផ្ទេរទៅក្រសួងរៀបចំដែនដី ក្រោយមានការស្នើសុំពីមន្ត្រីក្រោមឱវាទឱ្យដក។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអ្នកនាំពាក្យសាលាខេត្ត បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ថា ក្រោយមន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់​ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដើម្បីសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យចេញ។

លោកបញ្ជាក់ថា តាមពាក្យស្នើសុំ និងមេដៃផ្លាស់ប្តូរចេញ ព្រោះលោក អាង ណារិទ្ធ ប្រធានមន្ទីរ គ្មានភាពជាអ្នកដឹកនាំក្នុងមន្ទីរ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ក្នុងខ្លួន និយាយស្តីទៅកាន់មន្ត្រីក្រោមឱវាទអសុរោះ មើលងាយមន្ត្រីក្រោមឱវាទ និងស៊ីដាច់លុយការងារមន្ត្រី ធ្វើការមិនទទួលការងារខុសត្រូវ ពេលមានរឿងទំលាក់កូនចៅជាអ្នកទទួលខុស។

លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា ក្រោយមន្ត្រីរាជការក្រោយឱវាទផ្តិតមេដៃ និងធ្វើពាក្យស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានចាត់តាំងមន្ត្រីថ្នាក់ជាតិចុះធ្វើអធិការកិច្ចនិងស្រាវជ្រាវ ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ អន្តរក្រសួង និងខេត្តបានប្រជុំសម្រេចផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីរ និងអនុប្រធាន៥នាក់ ប្រធានការិយាល័យ២នាក់ទៀត ត្រូវបានផ្លាស់ប្តូរទៅបម្រើការងារនៅក្រសួងរៀបចំដែនដីនិងចាត់មន្ត្រីខេត្ត១រូបស្តីទីដើម្បីបម្រើការងារបន្ត៕

អត្ថបទ៖ប៉ោយប៉ែត

Share.