កណ្តាល៖នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃាត់ខ្លួនក្មេងស្រីៗសិស្សសាលាចំនួន ៣នាក់ ករណីហិង្សាដោយចេតនាវាយគ្នាទៅវិញទៅ មកលើជនរងគ្រោះ ហើយជនសង្ស័យថែមទាំងបានបង្ហោះវីដេអូសកម្មភាពវាយគ្នាលើហ្វេសប៊ុកទៀតផង។

ការឈានដល់ការឃាត់ខ្លួននេះ បន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្តឹងមកប៉ុស្ដិ៍នគរបាលដីឥដ្ឋ ខណៈជនរងគ្រោះបានអង្វរសុំឱ្យជនសង្ស័យលុបវីដេអូចេញពីហ្វេសប៊ុកតែជនសង្ស័យមិនយល់ព្រម។

ក្មេងស្រីៗជាជនសង្ស័យ។

តាមរបាយការណ៍របស់សមត្ថកិច្ចជនសង្ស័យទាំងបីនាក់ដែលបានបង្កហេតុ បានវាយមកលើជនរងគ្រោះនៅចំការពោតមួយកន្លែងនៅជិតព្រ៊ីនស៍ម៉ាណ័រ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩:០០នាទីព្រឹក។ក្នុងហេតុការណ៍ហិង្សានេះសមាជិកក្នុងក្រុមជនសង្ស័យបានថតជាវីដេអូហើយបង្ហោះលើទំព័រហ្វេសប៊ុកផងដែរ ខណៈជនសង្ស័យបានចោទជនរងគ្រោះថាបានដើរនិយាយថាជនសង្ស័យខូចខ្លួនជាមួយប្រុសៗ។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចមក កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលដីឥដ្ឋ សហការជាមួយយកម្លាំងជំនាញព្រហ្មទណ្ឌបានចុះស្រាវជ្រាវនិងបានកោះហៅជនសង្ស័យ និងជនរងគ្រោះមកសាកសួរនៅប៉ុស្ដិ៍នគរបាលដីឥដ្ឋ។

នៅចំពោះមុខសមត្ថកិច្ច : ជនសង្ស័យឈ្មោះ មាន ស្រីពេជ្រ ភេទស្រី អាយុ ១៦ឆ្នាំបានសារភាពថា : ខ្លួនពិតជាមានវាយទៅលើជនរងគ្រោះពិតមែន ។ រីឯជនសង្ស័យឈ្មោះ ឡូង ស្រីពេជ្រ ភេទស្រី អាយុ១៤ឆ្នាំ បានសារភាពថា : ខ្លួនពិតជាបានថតវីដេអូ  និង បង្ហោះstory វិសេសអូនពិតមែន ។ ហើយជនសង្ស័យឈ្មោះលឹម សេងហ៊ុយ ហៅ លីហ្វូង ភេទស្រី អាយុ១៥ឆ្នាំ បានសារភាពថា: ខ្លួនពិតជាបានឌុបជនរងគ្រោះទៅព្រ៊ីនស៍ម៉ាណ័រពិតមែន ។

ចំណែកជនរងគ្រោះបានឆ្លើយថា: ខ្លួនមិនបានដើរនិយាយបរិហាកេរ្តិ៍ពីឈ្មោះមាន ស្រីពេជ្រ ឡើយ ។

ក្រោយពីសាកសួររួច ផ្នែកជំនាញនិងប៉ុស្តិ៍សិន្នដ្ឋានថា:ករណីនេះបង្កឡើងដោយជនរងគ្រោះ ទើបជនសង្ស័យខឹងបានប្រើអំពើហិង្សាទៅលើជនរងគ្រោះវិញ ។

ចំណែកជនសង្ស័យឈ្មោះ មាន ស្រីពេជ្រ និងឈ្មោះ លឹម សេងហុយ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នដើម្បីស៊ើបអង្កេតនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។ រីឯឈ្មោះ ឡុង ស្រីពេជ្រ សុំគោលការណ៍មេឲ្យម្តាយឪពុកមកធានាយកទៅផ្ទះវិញបណ្តោះអាសន្នសិន ព្រោះអាយុទើបតែ១៣ឆ្នាំ០៧ខែទេ៕

Share.