កណ្តាល៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ស្រោមវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលជំនាន់ទី១៥ សម្រាប់ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ឆ្លើយសំណួរឱ្យបានត្រឹមត្រូវ ដោយប្រើសមត្ថភាពផ្ទាល់ខ្លួន ដ្បិតគណៈកម្មការប្រឡងប្រជែងរបស់ក្រសួងមហាផ្ទៃបានប្រកាន់ខ្ជាប់នូវ«គោលការណ៍ចេះគឺជាប់»។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កាត់ស្រោមវិញ្ញាសាប្រឡង។

ការអញ្ជើញចូលរួមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ធ្វើឡើងនៅមណ្ឌលប្រឡង «បណ្ឌិត្យសភានគរបាលកម្ពុជា» ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការអញ្ជើញអមដំណើរពីឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងសមាសភាពគណៈកម្មការប្រឡងប្រជែងជ្រើសរើស និងសមាសភាពអនុគណៈកម្មការបច្ចេកទេសនានាផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណនៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ដោយឡែក ការប្រឡងប្រជែងឆ្នាំនេះ មានបេក្ខជនសរុបចំនួន៩៧៦នាក់ នារី៣២២នាក់ លើវិញ្ញាសាប្រឡងសរ សេរមានរយៈពេល ២ម៉ោង ទាក់ទងនឹង«ចំណេះដឹងទូទៅនិងចំណេះដឹងទាក់ទងនឹងកិច្ចការនគរបាល»។សម្រាប់ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃបានទទួលគោលការណ៍អនុញ្ញាតជាថ្មីទៀតពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យបន្តការជ្រើសរើសនិស្សិត២០០នាក់ ជារៀងរាល់ឆ្នាំ ដូចធ្លាប់បានអនុវត្តក្នុងឆ្នាំកន្លងមកដែរ។

បេក្ខជនប្រឡងអាហារូបករណ៍ចូលសិក្សាជានិស្សិតនាយនគរបាលបន្តវេន។

ជាងនេះ គណៈកម្មការប្រឡងប្រជែងជ្រើសរើសរបស់ក្រសួងមហាផ្ទៃបានរៀបចំការប្រឡងប្រជែងនេះ ស្របតាមបច្ចេកទេសនិងនីតិវិធីដែលបានកំណត់ ដើម្បីជ្រើសរើសនិស្សិតនគរបាលដែលមានលក្ខណសម្បត្តិសមស្របតាមលក្ខខណ្ឌតម្រូវ មកធ្វើការបណ្ដុះបណ្ដាលរយៈពេល ៤ ឆ្នាំឱ្យក្លាយជានាយនគរបាលបន្តវេនប្រកបដោយគុណភាព សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចបម្រើជាតិនិងប្រជាពលរដ្ឋបានល្អប្រសើរ ក្នុងពេលអនាគត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានមតិសំណេះសំណាលទៅកាន់បេក្ខជនប្រឡងក្នុងឱកាសកាត់ស្រោមវិញ្ញាសាប្រឡង។

បន្ទាប់មក ឯកឧត្តមអភិសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏បានអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលកំពុងមានវឌ្ឍនភាពយ៉ាងខ្លាំងស្របតាមស្តង់ដាគុណភាព ដែលអាចបំពេញបានតាមតម្រូវការនៃការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារទូទាំងប្រទេស ៕

Share.