ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ ធ្លាយពោះវៀនចេញមកក្រៅ បន្ទាប់ពីជិះម៉ូតូចេញទៅរកទិញអីហូប លឿនជ្រុលទៅបុកពីក្រោយរថយន្តឡិចសុីសRX300 ត្រង់ផ្លូវបំបែកជាបួន ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ១៩៧៤ កែងផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ ជា ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ផឹកសុីស្រវឹង ជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AP-6440 ចេញទៅរកទិញអីហូប ដោយធ្វើដំណើរតាមផ្លូវ១៩៧៤ ពីលិចទៅកើត ល្បឿនលឿន លុះដល់ផ្លូវបំបែកជាបួន ជ្រុលបុកពីចំហៀងខាងស្តាំ ផ្នែកខាងក្រោយរថយន្ត ឡិចសុីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2C-4499 ដែលបើកតាមផ្លូវ១០០៧ ពីជើងទៅត្បូង បណ្តាលឱ្យរងរបួសធ្ងន់ ធ្លាយពោះវៀនចេញមកក្រៅ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកសែនសុខ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តាមការស្នើសុំពីក្រុមគ្រួសារ ។ ចំណែករថយន្ត អ្នកបើកបរ និងម៉ូតូ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.