ភ្នំពេញ ៖ រថយន្តFordមួយគ្រឿងក្រឡាប់ផ្ងារជើង អ្នកបើកបររត់គេចខ្លួនបាត់ បន្ទាប់ពីបើកបោះពួយលឿនជ្រុលទៅបុកជាមួយរថយន្តISUZU កំពុងបត់ឆ្វេង ត្រឡប់ក្រោយកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងរថយន្តម៉ាក Ford ពណ៌ស ពាក់ស្លាកលេខ កម្ពុជា TI.LY.TA បើកបរដោយបុរសម្នាក់ ល្បឿនលឿនពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកពីចំហៀងភាគីរថយន្ត ម៉ាក ISUZU ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ13 2-3886 បើកស្របទិស កំពុងបត់ឆ្វេងត្រឡប់ក្រោយ បណ្តាលឱ្យរថយន្តFordក្រឡាប់ផ្ងារជើង អ្នកបើកបររត់គេចខ្លួនបាត់ រីឯរថយន្ត ISUZU បាក់ដាច់កង់មុខខាងឆ្វេង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ វាស់វែងស្ទូចយកទៅរក្សាទុក រងចាំតំណាងសងខាងដោះស្រាយគ្នាពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.