ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូលឿនឡើងទួលកាត់ទទឹងផ្លូវ ដួលអូសរងរបួសធ្ងន់ សន្លប់ឈឹងនៅកន្លែង ។ហេតុការខាងលើកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ គល់ស្ពានអាកាសថ្មើរជើង ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ អុន កែវ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅភូមិទួលខ្លុង ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ក្នុងស្ថានភាពស្រវឹង ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IT-9497 ធ្វើដំណើរលើផ្លូវបេតុងផ្នែកខាងក្នុង ផ្លូវជាតិលេខ៤ ពីលិចទៅកើត លើផ្លូវបញ្ច្រាស់ លុះដល់គល់ស្ពានអាកាសថ្មើរជើង ឡើងទួលកាត់ទទឹងផ្លូវ ដួលអូសច្រើនម៉ែត្រ រងរបួសធ្ងន់ បែកមុខ បែកមាត់ សន្លប់ឈឹង ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.