ភ្នំពេញ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកជាមួយរថយន្តបែនកំពុងបើកឆ្លងផ្លូវ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ២ គីឡូម៉ែត្រលេខ៦០-៦១ ចំណុចភូមិអង្គក្តី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។

សពជនរងគ្រោះមានឈ្មោះ ឃឹម សុភក្តី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JA-8338 ធ្វើដំណើរពីជើងទៅត្បូង ល្បឿនលឿន លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកកង់ក្រោយ រថយន្តបែន ពណ៌បៃតង បើកពីត្បូងទៅជើង កំពុងបត់ឆ្វេងឆ្លងផ្លូវទៅត្បូង បណ្តាលឱ្យជនរងគ្រោះ ស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សពជនរងគ្រោះ ត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

