ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ-រក្សាទុក និងដឹកជញ្ជួន សារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ជាមួយថ្នាំញៀន៣៨០ក្រាម និងសារធាតុផ្សំ ១០ គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២២៖៣០នាទី ដោយកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្រ្កាបនៅចំណុច តាមបណ្តោយផ្លូវ៤២៨ កែងផ្លូវ៩៥ សង្កាត់បឹងត្របែក  ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តឈានទៅពន្លាតការស៊ើបអង្កេត ឆែកឆេរនៅចំណុច ផ្ទះលេខ៤ ក្រុមទី១ ភូមិធ្លក ឃុំស្វាយរំពា ស្រុកបសេឋ ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនេះកម្លាំងជំនាញឃាត់ខ្លួនជនល្មើសម្នាក់ ឈ្មោះ  ហ័ង ឈីនអ៊ី  ភេទប្រុស  ឆ្នាំកំណើត១៩៩៤  ជនជាតិចិន (តៃវ៉ាន់)។ សម្រាប់វត្ថុតាងចាប់យកបានរួមមាន៖ គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ៣២០.៨៧ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ១២.៣៨ក្រាម និងគ្រឿងញៀនប្រភេទនីមេតា ហ្សេប៉ាម (Nimetazepam) ៧៤.០៣ក្រាម។ សរុបគ្រឿងញៀនចាប់យក ៣៨០.២៨ក្រាម និងសារធាតុមិនច្បាស់១០០៧០ក្រាម (១០គីឡូ និង៧០ក្រាម)។

បច្ចុប្បន្នជនសង្ស័យ និងត្ថុតាងដែលជាថ្នាំញៀន ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូន ទៅតុលាការរាជធានីភ្នំពេញ៕

អត្ថបទ៖កណ្តាល

Share.