ភ្នំពេញ៖ ករណីឪពុកគំរាមសម្លាប់កូន ហើយថតបង្ហោះតាមហ្វេសបុក នៅខេត្តកំពត ឥលូវនេះជនបង្កត្រូវកម្លាំងនគរបាលចាប់ខ្លួនហើយក្មេងរងគ្រោះមានសុវត្ថិភាពដោយបានប្រគល់ជូនម្ដាយវិញនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៤នេះ។

សកម្មភាពសមត្ថកិច្ចធ្វើការសាកសួរជនដៃដល់ជាឪពុក។

សូមរំលឹកថា កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖៣០ នាទី មានករណីឪពុកបង្កើតគំរាមសម្លាប់កូនឈ្មោះ ឌិន សុរ៉ាសម្រិត ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិព្រៃឈើទាល ឃុំ ប្រភ្នំ ស្រុក អង្គរជ័យ ខេត្តកំពត។

ជនសង្ស័យត្រូវជាឪពុកឈ្មោះ លឹម ពិទូ ភេទ ប្រុស អាយុ ២៨ ឆ្នាំ បាននាំកូនជិះម៉ូតូទៅទិសខាងលិច ដោយមិនដឹងទៅកន្លែងណា។ មូលហេតុ ជនសង្ស័យឈ្លោះជាមួយប្រពន្ធ គំរាមថានឹងសម្លាប់កូន។

សមត្ថកិច្ចបញ្ជូនខ្លួនបន្តក្រោយសាកសួរ។

លុះដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពតបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លឹម ពិទូ ត្រង់ចំណុច ភូមិនរាយ៍ ឃុំនរាយ៍ ស្រុកឈូក ខេត្តកំពត ចំពោះក្មេងប្រុសឈ្មោះ ឌិន សុរ៉ាសម្រិត មិនមានរងរបួសអ្វីទេ។ ចំពោះ ឈ្មោះ លឹម ពិទូ បានប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពត់ ដើម្បីចាត់ការតាមនីតិវិធីបន្ត។

តាមចម្លើយសារភាព ហេតុការណ៍នេះផ្តើមចេញពីជម្លោះ ប្តីប្រពន្ធ ហើយត្រូវបានបុរសជាប្តី នាំកូនប្រុស អាយុ៥ឆ្នាំ ចូលក្នុងព្រៃ ថតវីដេអូ បំភ័ណ្ឌភ្នែកក្នុងចេតនាបង្ហាញប្រពន្ធដែលបានរត់គេចទៅខាងខេត្តព្រះសីហនុ៕

អត្ថបទ៖ចតុមុខ

Share.