ក្មេងប្រុសម្នាក់អាយុ៨ឆ្នាំ រងរបួសរយះជើងដេរជាង៣០ថ្នេរ បន្ទាប់ពីជួប គ្រឿងចក្រ​(អាប៊ុលឈូសដី)បើករយ៊ែរថយក្រោយទៅប៉ះ កាលពីវេលាម៉ោង៩និង២៤នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅដីឡូត៍កំពុងចាក់ថ្មីមួយកន្លែង ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ក្មេងប្រុសរងគ្រោះឈ្មោះ តុប រ៉ាធីប អាយុ៨ឆ្នាំ ជាកូនទី៤ ក្នុងចំណោមបងប្អូន៤នាក់ ប្រុស​៣នាក់ ស្រី១នាក់ មានម្តាយឈ្មោះ លី សុវណ្ណា អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ឪពុកឈ្មោះ នៅ ចិន្តា អាយុ៣៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុមានស្រុកកំណើត ភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ចំណែកភាគីខាងម្ចាស់គ្រឿងចក្រ ឈ្មោះ សែម ពិសី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកបរ គ្រឿងចក្រ មានទីលំនៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល ។

តាមប្រភពពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដីឡូត៍ចំណុចខាងលើ ចាក់ដី បំពេញ បន្ថែមចំនួន៣៥ឡាន ចាក់រួចរាល់ហើយ គ្រឿងចក្រ (អាប៊ុល) ក៏បាន ឈូសឆាយ  ពង្រាប ហើយដែរនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក៏បានឈប់សម្រាក តែម្ចាស់មិន បានដកកូន សោចេញពីអាប៊ុល រវល់តែចុះទៅជ្រកម្លប់ ស្រាប់តែមានក្មេងមួយក្រុម ទៅព័ទ្ធ ឈរលេង ហើយមានក្មេងម្នាក់ឡើងទៅលើអាប៊ុល កាច់សោបញ្ឆេះ  អាប៊ុលក៏បានទៅមុខ ក្មេងនោះ លោតចុះរត់គេចទៅបាត់ទាំងក្មេងរងគ្រោះផង ឃើញដូច្នោះ ម្ចាស់គ្រឿងចក្ររត់ឡើង ទៅកាន់ដៃចង្កូត លុះដល់បើករយ៊ែរថយក្រោយវិញ គាប់ជួនក្មេងរងគ្រោះរត់ចូលទៅ ពីក្រោយចំហៀងខាងស្តាំបំណងតោងឡើង តែបែជាប៉ះដួលរងរបួសរយះជើងទៅវិញ ទើបបង្កឲ្យផ្អើលឆោឡោ ។

ក្រោយកើតហេតុ ក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូផ្ទាល់ខ្លួនយកទៅ មន្ទីរពេទ្យកុមាជាតិ ក្នុងសភាពរបួសជើងដេរជាង៣០ថ្នេរ។ ចំណែកម្ចាស់គ្រឿងចក្រ សមត្ថកិច្ចហៅទៅប៉ុស្តិ៍ ហើយភាគីសងខាងសុំធ្វើការសម្របសម្រួលគ្នា ទីបំផុតខាង ម្ចាស់គ្រឿងចក្រជួយចេញថ្លៃព្យាបាលចំនួន៣៥០ដុល្លាដើម្បីបញ្ចប់រឿង ៕

អត្ថបទ៖តាតុងពោធិ៍ចិនតុង

Share.