ព្រះសីហនុ ៖ មនុស្ស២នាក់បានស្លាប់ ចំណែកម្នាក់ទៀតរងរបួស ក្នុងឧប្បត្តិហេតុបាក់ស្រុតដី ពេលដែលចុះជីកអណ្តូង ផ្អើលសមត្ថកិច្ច អាជ្ញាធរ យកអេស្កាវ៉ាទ័រ កាយយកជនរងគ្រោះ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនរងគ្រោះទាំង៣នាក់ ៖ ទី១ ឈ្មោះ ម៉ែន សុខណា ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ(ស្លាប់) ។ ទី២ ឈ្មោះ ស្រី គល់ពិសី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ក្រុមទី២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (ស្លាប់ ) ។ ចំណែកជនរងគ្រោះទី៣ ឈ្មោះ ឆេង សុធា ភេទប្រុស អាយ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ក្រុមទី២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ(របួសស្រាល) ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ បាននាំគ្នាជីកអណ្តូងដាក់លូ នៅចំណុចខាងលើ ខណៈដែលកំពុងជីក មិនទាន់បានដាក់ទម្លាក់លូចូលផង ស្រាប់តែបាក់ស្រុតដី កប់ជនរងគ្រោះ២នាក់ ឆោឡោ កកាយជួយមិនបាន បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច អាជ្ញាធរ យកអេស្កាវ៉ាទ័រទៅកាយយកជនរងគ្រោះចេញ ។

ហេតុការណ៍ខាងលើសមត្ថកិច្ច ចុះទៅពិនិត្យ កោសល្យវិច័យ រួចប្រគល់សពជនរងគ្រោះទាំង២នាក់ ទៅក្រុមគ្រួសារដើម្បីរផបចំធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះម្នាក់ របួសស្រាល ទៅព្យាបាលរបួសនៅផ្ទះខ្លួនឯង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.