ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ស្មាខាងឆ្វេង បន្ទាប់ពីស្រវឹងស្រាព្យាយាមជិះម៉ូតូ បោះពួយលឿនជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីមកំពុងជិះច្រាសទិស។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះស្រវឹងស្រា ជិះម៉ូតូហុងដាឌ្រីម ពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុជ្រុលទៅបុកជាមួយភាគីម៉ូតូហុងដាឌ្រីម ពណភខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JQ-4405 កំពុងជិះច្រាសទិសគ្នា បណ្តាលឱ្យរងរបួសបាក់ស្មាឆ្វេង ម្ខាងទៀតរងរបួសស្រាល។

ក្រោយកើតហេតុ ដោយឃើញជនរងគ្រោះរបួសបាក់ដៃ ពលរដ្ឋហៅថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅដល់ ជូត លាង រុំរបួសហើយ ជនរងគ្រោះយំស្រែក ឡូឡា រត់គេច ទោះជាបងប្អូនតាមឃាត់ ឱ្យទៅពេទ្យ នៅតែជនរងគ្រោះមិនព្រម ទាមទារទៅផ្ទះវិញ។ ចំណែកម៉ូតូទាំង២គ្រឿង ភាគីសងខាង ជាអ្នកភូមិជាមួយគ្នា ទើបបងប្អូនយកទៅផ្ទះរៀងខ្លួន៕

អត្ថបទ៖ តាតុងសែនជ័យ

