ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកវ៉ាជែងបត់ស្តាំកាត់មុខ ធ្វើឱ្យរថយន្តយុីឌុបដឹកស្រូវមួយគ្រឿងហ្វ្រាំងមិនទាន់ជ្រុលបុកកៀបជាប់គ្នា រងខូចខាតទាំង២គ្រឿង។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៤០ នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រ ម៉ាកDAEWOO ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-4668 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-9237 បើកល្បឿនលឿនពីជើងទៅត្បូង វ៉ាជែងបត់ស្តាំកាត់មុខ ធ្វើឱ្យរថយន្តយុីឌុប ដឹកស្រូវ ម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-1255 បើកស្របទិស ហ្វ្រាំងមិនទាន់ ជ្រុលបុកកៀបជាប់គ្នា បុកទាំងស្លាកសញ្ញាចរាចរណ៍ រលើងមួយដើម រងខូចខាតទាំង២គ្រឿង អ្នកបើកបររថយន្តកុងតឺន័រចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ រួចប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីពិនិត្យវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.