ភ្នំពេញ÷ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នឹងបីនាក់ផ្សេងទៀតរងរបួសស្រាល ក្រោយជិះម៉ូតូល្បឿនលឿន ទៅបុកម៉ូតូមួយគ្រឿងទៀត ជិះបញ្ច្រាស់គ្នាបត់ឆ្វេង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣:៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ដុបក្ដាន់ពីរ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុគេឃើញពីរនាក់ប្ដីប្រពន្ធមួយគូ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1H-9095 ធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងទិសដៅពីកើតមកលិច លុះធ្វើដំណើរមកដល់ចំណុចស្ដុបក្ដាន់ពីរ ក៏សុីញ៉ូបត់ឆ្វេង ស្រាប់តែមានយុវជនពីរនាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1KH-8024 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាដោយល្បឿនលឿន មកបុកពេញទំហឹងចំពាក់កណ្ដាលមូតូ បណ្ដាលអោយម៉ូតូទាំងពីរងការខូចខាតយ៉ាងដំណំគរលើគ្នា ឯអ្នកយុវជនបើកម៉ូតូ បានបាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ អ្នករួមដំណើរពីក្រោយរងរបួសស្រាល ពីរនាក់ប្ដីប្រពន្ធរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យបង្អែកក្រុងភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ វី សុរ៉ាវ័ន ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរជាអ្នកលក់សាំងនៅម្ដុំព្រែកតាម៉ាក់ បច្ចុប្បន្នស្នាក់នៅម្ដុំចោមចៅ។

ក្រោយពីកើតហេតុក៏មានវត្តមាន សមត្ថកិច្ចជំនាញនរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែង រួចនាំយកម៉ូតូទាំងពីរគ្រឿង យកមករក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ។សពជនរងគ្រោះក្រោយពីសមត្ថកិច្ច ធ្វើកំណត់ហេតុរួច បានប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅវត្តតាំងក្រសាំង៕

អត្ថបទ៖ តាតុងសែនជ័យ

