ភ្នំពេញ ៖ បុរសម្នាក់ពិតជាជួបទុក្ខផ្ទួនៗមែន បន្ទាប់ពីជិះម៉ូតូលឿនជ្រុល ឡើងចិញ្ចើមផ្លូវទៅបុកផ្ទប់បង្គោលស្លាកប៉ាណូ បណ្តាលឱ្យរងរបួសហើយនោះ ស្រាប់តែមានជនឆ្លៀតឱកាសលួចយកកាបូបលុយទៅបាត់កាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះមានឈ្មោះ ទាង គឹមហ៊ាង អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1IF-0567 ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីត្បូងទៅជើង ល្បឿនលឿន លុះដល់ចំណុចកើតហេតុ គ្រប់គ្រងដៃចង្កូតលែងបាន រេឡើងចិញ្ចើមផ្លូវ ទៅបុកផ្ទប់បង្គោលស្លាកប៉ាណូ បណ្តាលឱ្យរងរបួស បន្ទាប់មកក៏មាន បុរសម្នាក់ជាប្រជាការពារ ស្លៀកពាក់ឯកសណ្ឋានឈុតខ្មៅ មកអះអាងថា ជានគរបាលប៉ុស្តិ៍ ឆែកដកយកកាបូបលុយរបស់ជនរងគ្រោះ ហើយជិះម៉ូតូចេញទៅបាត់ ដោយប្រាប់ថាទៅរករុឺ ម៉កមកដឹកម៉ូតូ បែទៅបាត់រហូត។

ជនរងគ្រោះរងរបួសហើយបាត់បង់កាបូបលុយទៀត ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូសមត្ថកិច្ចមែនទែនយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ២ រងចាំប្រគល់ជូនជនរងគ្រោះវិញនៅពេលក្រោយ។

បើតាមប្រជាពលរដ្ឋបានលើកឡើងថា ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ក្នុងករណីកើតមានគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ គេសង្កេតឃើញវត្តមានក្រុមប្រជាការពារសង្កាត់ ខ្លះស្លៀកពាក់ឯកសណ្ឋានជានគរបាល ស្លៀត ឈុតខ្មៅ មកដើរតួរតាំងខ្លួនធ្វើជាសមត្ថកិច្ច ចាត់ចែងការងារ ដល់សមត្ថកិច្ច នគរបាល ពិតប្រាកដ មែនទែន មិនដឹងនៅឯណា ក្រោយកើតហេតុរាប់ម៉ោងទើបឃើញទៅដល់ ទាល់តែបាត់បង់កាបូបលុយ សម្ភារៈ ទើបឆោឡោ។ ពលរដ្ឋសំណូមពរ ឱ្យអាជ្ញាធរសង្កាត់ ខណ្ឌ លោកអធិការ ពិនិត្យលើកម្លាំង មិនប្រក្រតី ចុះទៅអនុវត្តការងារ ខុសពីសមត្ថកិច្ចពិតប្រាកដ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.