ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូជ្រុលបុកសួនទ្រូងផ្លូវ ប្លោងខ្ទាតទៅបំណែកផ្លូវម្ខាងទៀត ស្របពេលដែលរថយន្តកុងតឺន័របើកលឿនហ្វ្រាំងមិនទាន់កិនបន្ថែម កាលពីវេលាម៉ោង១២និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ អឿន មករា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិរលាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IF-0449 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ សង្ស័យងងុយដេក រេចង្កូតបុកសួនទ្រូងផ្លូវ ដួលប្លោងខ្ទាតទៅបំណែកផ្លូវម្ខាងទៀត ស្របពេលនោះមានរថយន្តកុងតឺន័រមួយគ្រឿង មិនស្គាល់ម៉ាក បើកពីត្បូងទៅជើងកិនជនរងគ្រោះបន្ថែម បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ចំណែករថយន្តកុងតឺន័រ បើករត់គេចទៅបាត់ ។

ក្រោយកើតហេតុ ដោយមិនអស់ចិត្តប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ឱ្យជួយ តែពិនិត្យជាក់ស្តែងជនរងគ្រោះស្លាប់បាត់ទៅហើយ។ ទើបសមត្ថកិច្ចស្រាវជ្រាវ ទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុងភ្នំពេញ និងបន្តស្រាវជ្រាវស្វែងរករថយន្តបង្ក៕
អត្ថបទ៖ តាតុងសែនជ័យ

