ស្ត្រីម្នាក់សម្រេចចិត្តចងក សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយសាលាសង្កាត់ស្ទឹងមានជ័យទី២ ក្នុងបន្ទប់ជួលមួយកន្លែង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ស្ត្រីដែលបានសម្រេចបញ្ចប់ជីវិតខ្លួនឯងនេះ មានឈ្មោះ មាស ស្រីគួង ភេទស្រីអាយុ២៩ឆ្នាំ មុខរបរលក់ដូនិងលក់ផលិតផលតាមអនឡាញ ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិស្ត្រីរងគ្រោះនិងអ្នករស់នៅជិតបន្ទប់ជួលបានបង្ហើបឲ្យដឹងថា ស្ត្រីខាង លើមានកូនប្រុសស្រីតូៗចំនួន២នាក់ រស់នៅក្នុងបន្ទុក។ចំណែកប្តី របស់គាត់យូរៗមកលេងកូនប្រពន្ធម្តង ខណ:មកជួបប្រពន្ធម្តងៗបុរសជាប្តីតែងតែរករឿងវាយនិងគម្រាមសម្លាប់ប្រពន្ធនិងកូនចោល។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា បុរសដែលជាប្តីជាអ្នកញៀនល្បែងទៀតផងហើយប្តីប្រពន្ធទាំង២នាក់នេះ រស់នៅមិនចុះសម្រុងនឹងគ្នានោះទេ បុរសជាប្តីតែងតែមកសំឡុតប្រពន្ធយកលុយទៅលេងល្បែងបង្ហិនបង្ហោចទ្រព្យសម្បត្តិក្នុងគ្រួសារអស់រលីង ធ្វើឲ្យស្ត្រីជាប្រពន្ធទ្រាំនឹងទង្វើប្តីលែងបានទើបសម្រេចចិត្តចង កធ្វើអត្តឃាតសម្លាប់ខ្លួនឯងបែបនេះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២សហការណ៍ជាមួយកម្លាំងជំនាញខណ្ឌមានជ័យ រួមនឹងកម្លាំងជំនាញការិយាល័យកោសល្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសពស្ត្រីខាងលើ។ បន្ទាប់ពីពិនិត្យសពរួចរាល់សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពស្ត្រីខាងលើនេះពិតជាចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕




អត្ថបទ៖សេង សាវី
