បាត់ដំបង÷ ស្ត្រីស្រស់ស្អាតម្នាក់ បានប៉ះសំដីជាមួយមិត្តប្រុសបន្តិបន្ទួច ស្រាប់តែស្ទុះលោតទឹកពីលើស្ពានសម្តេចតេជោ ត្រូវបានយុវជនជាសង្សាលោតជួយតាមក្រោយឈ្លក់ទឹកធ្ងន់ស្ទើរស្លាប់ស្ទើររស់ ការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ៤:០០នាទីទៀបភ្លឺ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ ឋិតត្រង់ចំណុចស្ពានសម្តេចតេជោ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពពីមិត្តភក្តិជនរងគ្រោះនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ទំនងមានបញ្ហាប្រច័ណ្ឌគ្នា ក៏កើតជាជម្លោះឈ្លោះប្រកែកគ្នាមួយប្រាវ រួចហើយនាងជាសង្សាក៏សម្រេចចិត្តស្ទុះឡើងលើបង្កាន់ដៃស្ពាន ហើយបានលោតចុះក្នុងទឹកស្ទឹងក្នុងគោលបំណងបញ្ចប់ជីវិតតែម្តង។​ ភ្លាមនោះបុរសជាសង្សាក៏លោតចុះតាមពីក្រោយដើម្បីជួយ ប៉ុន្តែដោយសារការប៉ះទង្គិចខ្លាំងយុវជនជាសង្សាបានឈ្លក់ទឹកជិតស្លាប់ កុំតែបានអ្នករកត្រីជួយទាន់កុំអីអាចលង់ទឹកស្លាប់ភ្លាមៗនៅទីតាំងកើតហេតុ។

ប្រភពខាងលើបានអះអាងបន្ថែមថា បុរសរងគ្រោះមានឈ្មោះ ធី អាយុជាង ២០ឆ្នាំ និងស្ត្រីជាសង្សារឈ្មោះ ម៉ី អាយុប្រហាក់ប្រហែលគ្នា មានទីលំនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ជំពោះដើមហេតុដំបូងនៃការប៉ុនប៉ងសម្លាប់ខ្លួនរបស់នារីជនរងគ្រោះខាងលើនេះទំនងដោយសារការប្រច័ណ្ឌគ្នា ដោយយុវជនរងគ្រោះជាសង្សាកំពុងឋិតក្នុងរបួសធ្ងន់កំពុងជួយង្គ្រោះ៕

អត្ថបទ÷ ដំបងក្រញូង

Share.