រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសនារសៀលថ្ងៃទី១២សីហានេះថា បាន រកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta ជាលើកដំបូងនៅខេត្តព្រះសីហនុ នៅលើ កុមារាអាយុ៨ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រឡប់ពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រ កម្ពុជា តាមច្រកឡែម។

ការរកឃើញនេះ គឺក្រោយពីកុមាររូបនេះបានធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃ ទី២ ខែកក្កដា ឆ្នាំ២០២១ និងបានមក ដល់ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដោយធ្វើចត្តាឡីស័កនៅអគារព្យាបាលសាកាណា៣ ។នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាករបស់កុមារនេះ បញ្ជូនទៅធ្វើតេស្តវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទទួលបានលទ្ធផល គឺមានវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta។

រដ្ឋបាលខេត្តព្រះសីហនុ ជំរុញដល់សាធារណជន  ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។

 សូមបញ្ជាក់ថាកុមារ មានជំងឺកូវីដ១៩បំប្លែងថ្មីនេះ មកពីប្រទេស ថៃជាមួយម្ដាយ ក៏ប៉ុន្តែ ម្ដាយមានវិជ្ជមានកូវីដ១៩ តែមិនមែនជាប្រភេទបំប្លែងថ្មីនោះឡើយ៕

Share.