កំពង់ចាម៖  កសិករ២ភូមិនៅក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រៀមប្រមូលផលប៉ិគួក ជាង៨០តោនសម្រាប់ចែកចាយទីផ្សារនៅដើមឆ្នាំ២០២៤នេះ នៅលើផ្ទៃដីសណ្តរប្របមាត់ទន្លេមេគង្គ និងមាត់បឹងដែលមានទំហំផ្ទៃដីជាង២០ហិកតា។

លោក នួន ពេជ្រ អាយុ៦១ឆ្នាំ រស់នៅភូមិរអាងក្រោម បានរៀបរាប់ឱ្យដឹងថា គាត់បានប្រកបរបរដាំប៉ិគួកនេះជាង៣០ឆ្នាំហើយ ដោយដាំនៅលើផ្ទៃដីកន្លះហិកតា អស់ពូជ២០គីឡូក្រាម ហើយប្រើរយៈពេល៣ខែ ១០ថ្ងៃគឺអាចប្រមូលផលវិញបានជាង២តោនដែរ។ លោកថា ប៉ិគួកគឺជាដាំណាំងាយដាំ ប៉ុន្តែតែតម្រូវឱ្យកសិករឧស្សាហ៍ព្យាយាមថែសម្អាតស្មៅ ស្រោចទឹក បាញ់ថ្នាំសម្លាប់សត្វល្អិត ពូនរង កាត់ត្រួយ កាត់ផ្កា  ទើបវាឱ្យផលល្អ ។ ពោលគឺយើងត្រូវតែមានបច្ចេកទេសទាំងការកាត់ត្រួយ កាត់ផ្កា ព្រោះវាជាចំណុចសំខាន់បំផុតដែលជួយឱ្យប៉ិគួកមានមើមធំៗល្អ។ តែបើយើងមិនកាត់ត្រួយវាទេ នោះវានឹងទៅលែងដើម លែងផ្កា ដែលជាហេតុធ្វើមើមវាមិនសូវធំល្អទេ។

កសិកររូបនេះបានបន្តទៀតថា ប៉ិគួកគេដាំត្រឹមតែរយៈពេល៣ខែ ១០ថ្ងៃគឺយើងអាចប្រមូលផលបានហើយ ដោយប៉ិគួក១គីឡូក្រាមបានតម្លៃ៧០០រៀលដែរ បើធៀបនឹងឆ្នាំទៅតម្លៃ១ពាន់រៀលក្នុង១គីឡូក្រាម វាថោកជាងឆ្នាំទៅ៣រយរៀលក្នុង១គីឡូក្រាម។ តែបើគិតពីទិន្នផលវិញវាមិនខុសគ្នាពីឆ្នាំមុននោះទេ។ មួយវិញទៀតចំពោះការដាំប៉ិគួកនេះដែរ យើងអាចដាំឆ្លាស់ពេលខុសៗគ្នាទៅ ដើម្បីយើងអាចប្រមូលផលវាជាបន្តបន្ទាប់ជាន់គ្នានោះ ហើយកសិករមានប៉ិគួកលក់រហូតដល់ខែមេសាទើបអស់។ បើនិយាយពីផ្សាវិញវាមានទីផ្សារងាយលក់ មានឈ្មួញចុះទិញដល់ចម្ការផ្ទាល់តែម្តង។

តាមលោក ម៉ន រ៉េត មេឃុំរអាង បានបញ្ជាក់ឱ្យដឹងថា នៅក្នុងឃុំរបស់លោកមានប្រជាកសិករចំនួន២ភូមិ ដែលបានប្រកបរបរដាំប៉ិគួក ក្នុងនោះមានភូមិរមូលដាំជាង៤ហិកតា និងភូមិរអាងក្រោមដាំជិត២០ហិកតា បើសរុបផ្ទៃដីអាចជាង២០ហិកតាឯណ្ណោះ ហើយសម្រាប់ឆ្នាំ២០២៤នេះ កសិករគិតថាអាចនឹងប្រមូលផលប៉ិគួកបានប្រមាណជា៨០តោន ដើម្បីជួយផ្គត់ផ្គង់តម្លូវការទីផ្សារក្នុងស្រុក។

លោកមេឃុំបន្តទៀតថា នៅក្នុងឃុំរអាងនេះ យើងពិនិត្យឃើញមានកសិករគាត់ដាំដំណាំ៤ប្រភេទ រួមមាន មានប៉ិគួក សណ្តែកដី ពោត និងល្ង គឺពួកគាត់ដាំវិលជុំរាល់ឆ្នាំតែម្តង ព្រោះផលដំណាំនេះមានទីផ្សារច្បាស់លាស់ងាយស្រួលលក់ តម្លៃសមរំ ដែលធ្វើឱ្យកសិកររីករាយនិងបន្តនៃការដាដុះដំណាំទាំងនេះ ព្រោះវាបានញាំងឱ្យសេដ្ឋកិច្ចគ្រួសារពួកគាត់បានល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ នឹងមានផលភាពបញ្ជូនកូនចៅទៅរៀនបានវែងឆ្ងាយបន្តទៀត ​មួយវិញទៀតវាក៏ធ្វើប្រជាពលរនៅក្នុងឃុំមានការងារធ្វើ មិនសូវមានពលរដ្ឋធ្វើចំណាកស្រុកនោះទេ៕

អត្ថបទ៖ សាន វីឡែម

Share.