ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ បន្ទាប់ពីប្រពន្ធសុំលែង ចែកផ្លូវគ្នា បែជាអន់ចិត្ត ធ្លាក់ថ្លើម អារម្មណ៍ចិត្តរកតែសម្លាប់ខ្លួន ច្រើនលើកច្រើនសារហើយ តែមិនបានសម្រេច មកដល់លើកនេះ យកកាំបិតចុងស្រួចអារកខ្លួនឯងប៉ុនប៉ងធ្វើអត្តឃាត តែមិនស្លាប់ របួសដាច់រយះ ក ហូរឈាមជោគខ្លួន សន្លប់ស្តូកស្តឹង ត្រូវបានបងប្អូនអ្នកភូមិប្រទះឃើញ ផ្អើលឆោឡោ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅដីវាលមួយកន្លែង មាត់ត្រពាំងឈូក ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសខាងលើមាន ឈ្មោះ នៅ ឡឹង អាយុ៤២ឆ្នាំ មុខរបរ កម្មករសំណង់ និងរើសអេតចាយ ស្នាក់នៅបន្ទប់ជួលក្នុងភូមិក្បែរកន្លែងកើតហេតុ មានទីលំនៅភូមិទួលកំរៀង ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានស្រុកកំណើតនៅភូមិសង្គ្រាមបូរណ៍ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានកូនប្រុស១នាក់ អាយុ៦ឆ្នាំ នៅជាមួយ ។
តាមសាច់ញាតិ បានឱ្យដឹងថា ជនរងគ្រោះក្រោយពីប្រពន្ធសុំលែង ច្រើនខែមកហើយ បែជាអារម្មណ៍ ខុសប្រក្រតី ច្រើនលើកមកហើយជនរងគ្រោះប៉ុនប៉ងរកតែសម្លាប់ខ្លួន តែមិនបានសម្រេច មានបងប្អូន កូនប្រុស តាមឃ្លាំមើល ស្រាប់តែមកដល់រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ គ្រាដែលបងប្អូន កូនប្រុសមិននៅ ជនរងគ្រោះដើរចេញក្រៅបាត់ ។

ប្រភពបន្តទៀតថា រហូតដល់បងប្អូនអ្នកភូមិប្រទះឃើញ ផ្អើលឆោឡោ ទើបដឹងថាជនរងគ្រោះដើរចេញទៅក្រៅ ប៉ុនប៉ងសម្លាប់ខ្លួន ។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា ដោយមិនបានចាប់អារម្មណ៍ ព្រោះឃើញជនរងគ្រោះដើររាល់ថ្ងៃ ស្រាប់តែទាញកូនកាំបិតចុងស្រួចមកអារ ក ខ្លួនឯងទៅវិញ មុតរយះ ដាច់ ក ឈាមហូរជោគខ្លួន ដួលសន្លប់ ឃើញដូច្នោះរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ៕

អត្ថបទ៖ តាតុងសែនជ័យ

