ភ្នំពេញៈ ជម្លោះពាក្យសម្ដីរវាងកម្មករសំណង់ និងពលរដ្ឋរស់នៅក្នុងភូមិតំបន់មិនរៀបរយ បង្កជាហិង្សាវាយគប់គ្នាទៅវិញទៅមក បណ្តាល ឱ្យភាគីទាំងសងខាងរងរបួសជាច្រើននាក់កាលពីវេលា ម៉ោង១១និង ៣០នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នៅតំបន់មិន រៀបរយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមពីភាគីខាងកម្មករសំណង់ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់មានគ្នាប្រហែលជិត១០នាក់ បាននាំគ្នាអង្គុយលេង ដោយមានអ្នកខ្លះក៍ផឹកស៊ីធម្មតា មួយសន្ទុះក្រោយមកស្រាប់តែមានអ្នករស់ នៅក្នុងភូមិតំបន់មិនរៀបរយ បាននាំគ្នាជេរដៀមដាមពួកគាត់ ម្ដង ហើយម្ដងទៀត ហើយក៍មិនមែនតែ១ថ្ងៃនឹងទេ គឺច្រើនលើដែរហើយ ធ្វើឱ្យពួកគាត់អត់ទ្រាំមិនបាន ទើបក្រុមកម្មករបាននាំគ្នីគ្នាយកដំបង ដុំ ថ្ម ដែកទីបសម្រុកទៅវាយ និងគប់ តមតជាមួយភាគីម្ខាងទៀត ទៅ វិញទៅមក បណ្ដាលឲ្យពួកគាត់ជាកម្មករសំណង់ រងរបួសធ្ងន់ម្នាក់ និងស្រាល៣នាក់។

ដោយឡែកបើតាមការលើកឡើងពីខាងភាគី ពលរដ្ឋអ្នករស់នៅក្នុង ភូមិតំបន់មិនរៀបរយបានឱ្យដឹងថា មុនពេលកើតហេតុពួកគាត់ជា អ្នកភូមិមិនបានដឹងអ្វីនោះទេ នៅសុខស្រាប់តែក្រុមកម្មករសំណង់ សុទ្ធតែប្រុសៗ មានគ្នាជាង១០នាក់ ប្រដាប់ដោយដំបង ដុំថ្ម ដែកទីប នាំគ្នារត់មកគប់ស្រោចចូលក្នុងភូមិពួកគាត់រស់នៅ ដោយឃើញសភាពបែបនេះទើបអ្នកភូមិបាននាំគ្នាចេញមកតតាំងគ្នាទៅវិញទៅមក បណ្ដាលឱ្យស្រ្តី ២នាក់ រងរបួសបែកក្បាល ហូរឈាម និងម្នាក់ទៀតប្រុសវ័យប្រហែល១៦ឆ្នាំ រងរបួសស្រាល ។

ក្រោយកើតហេតុបានបន្តិច ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៍ដូចជាជាកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះទៅជួយ សម្របសម្រួល និងបំបែកភាគីទាំងសងខាង និង យកវត្ថុតាំងមានដំថ្ម ដំបង ដែកទីបមួយចំនួនទុកជាវត្ថុ។

ព្រមទាំងបានណែនាំឱ្យភាគីទាំងសងខាងអ្នកដែលត្រូវរបួសគួរទៅព្យាបាលរបួសរៀងៗខ្លួនទៅ ចាំព្រឹកឡើងបើអ្នកណាចង់ឈ្នះចង់ចាញ់ អាចទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់ អង្រែលើបាន សមត្ថកិច្ចនិងចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ទូច វិច្ឆិកា

