ភ្នំពេញ ៖ ស្ត្រីជាកម្មការនីរោងចក្រម្នាក់ ជិះម៉ូតូចេញពីធ្វើការងាររោងចក្រ រៀបនឹងឆ្លងផ្លូវ ត្រូវបានរថយន្ត COROLA បើកលឿនជ្រុលបុក បណ្តាលឱ្យធ្លាក់ចូលប្រឡាយទឹកស្អុយ ទាំងរថយន្តទាំងម៉ូតូ ទាំងមនុស្ស កាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ទេព ទូច អាយុ៣០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិស្វាយប៉ោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះជិះម៉ូតូ ហុងដាឌ្រីម ចេញពីរោងចក្រក្បែរនោះ នៅលើផ្លូវដីមាត់ប្រឡាយ រៀបនឹងឆ្លងផ្លូវទៅហើយ ស្រាប់តែរថយន្តបង្កម៉ាក COROLA ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2144 បើកពីលិចទៅកើតល្បឿនលឿន ជ្រុលបុក រុញធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ទាំងរថយន្តទាំងម៉ូតូ ធ្លាក់ទាំងមនុស្ស សំណាងល្អស្ត្រីរងគ្រោះរបួសស្រាល រីឯអ្នកបើកបររថយន្តគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ តែភាគីខាងរថយន្តបានគេចខ្លួនបាត់ រកតំណាងដោះស្រាយមិនបាន សមត្ថកិច្ចហៅរករថយន្តស្ទូចទៅលើកយករថយន្តនិងម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយទៀត ៕

អត្ថបទ៖ តាតុងសែននជ័យ

