ទីក្រុងម៉ិចស៊ីកូ – RIA Novosti៖ នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធ បានបញ្ជាក់ថា កូកាអ៊ីនប្រហែល ២២តោនមានតម្លៃជាង១ពាន់លានដុល្លារអាមេរិក ត្រូវបានរកឃើញដោយកងទ័ពអេក្វាឌ័រនៅក្នុងកសិដ្ឋានមួយកន្លែងក្នុងរដ្ឋ Los Rios បន្ទាប់ពីការស៊ើបការយ៉ាងម៉ត់ចត់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន News Unrolled នាថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។

យោងតាមកងទ័ពអេក្វាឌ័រនិយាយក្នុងសារមួយបង្ហោះលើបណ្ដាញសង្គម X ថា «លទ្ធផលនៃប្រតិបត្តិការយោធានៅតំបន់ Estero Lagarto រហូតមកដល់ពេលនេះបានបង្ហាញឱ្យឃើញថា សារធាតុកូកាអ៉ីន ហាយដ្រូក្លូររីដ (cocaine hydrochloride ) ប្រហែល ២២តោន ត្រូវបានវេចខ្ចប់ក្នុងថង់ចំនួន ៧៣៣ថង់ ហើយសារធាតុទាំងនេះទំនងជាត្រូវបានបញ្ជូនទៅកាន់ទីផ្សារនៅអាស៊ី អឺរ៉ុប ខាងជើង និងអាមេរិកកណ្តាល»។

ប្រតិបត្តិការនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងស៊ើបអង្កេតយោធារយៈពេល ៦ខែ ហើយបើយោងតាមការប៉ាន់ប្រមាណរបស់យោធា បានធ្វើឱ្យមានការខាតបង់ថវិកាច្រើនជាង ១ពាន់លានដុល្លារអាមេរិកលើអ្នកជួញដូរគ្រឿងញៀន។

ក្រុមមន្រ្តីបាននិយាយថា នេះជាការរឹបអូសគ្រឿងញៀនធំបំផុតក្នុងប្រវត្តិសាស្រ្តមួយរបស់ប្រទេស ក្នុងរយៈពេល ២សប្ដាហ៍ ក្នុងជម្លោះប្រដាប់អាវុធផ្ទៃក្នុងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក។

ប៉ុស្តិ៍ទូរទស្សន៍ UHN បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ទាហានប្រហែល ១៥០នាក់បានចូលរួមក្នុងប្រតិបត្តិការនេះ ដោយចាប់ផ្ដើមនៅក្នុងបន្ទប់ក្រោមដីនៃកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងក្នុងខេត្ត Vinces។

ក្នុងឆ្នាំ២០២២ កងកម្លាំងសន្តិសុខអេក្វាឌ័របានរឹបអូសបាននូវសារធាតុញៀនចំនួន ២១០តោន ដែលបានចងភ្ជាប់ទៅកាន់កំពង់ផែអឺរ៉ុប ដែលភាគច្រើនជាគ្រឿងញៀនប្រភេទកូកាអ៊ីន ២ភាគ៣ នៃទំនិញទាំងនេះត្រូវបានប៉ុនប៉ងគេចពន្ធជាមួយនឹងការដឹកជញ្ជូនចេក។

សូមជម្រាបថា រដ្ឋាភិបាលប្រទេសអេក្វាឌ័រ បានដាក់កំហុសលើក្រុមជួញដូរកូកាអ៊ីនដ៏មានឥទ្ធិពល សម្រាប់អំពើហិង្សាដែលកំពុងកើនឡើង រួមទាំងការវាយប្រហារកាលពីពេលថ្មីៗនេះ លើមន្ទីរពេទ្យ ការចាប់ចំណាប់ថ្នូរ និងការបង្អាក់ដល់ការផ្សាយតាមទូរទស្សន៍ដោយខ្មាន់កាំភ្លើងប្រដាប់អាវុធជាដើម៕

ប្រភព៖ News Unrolled

Share.