អង់ការ៉ា៖ សភារបស់ប្រទេសតួកគី ត្រូវបានគេរំពឹងថា នឹងអនុម័តពាក្យសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសស៊ុយអែត កាលពីថ្ងៃអង្គារ ដោយបានជម្រះឧបសគ្គដ៏ធំបំផុត ដែលនៅសេសសល់ក្នុងការពង្រីកសម្ព័ន្ធភាពយោធាលោកខាងលិចមួយនេះ បន្ទាប់ពីមានការពន្យារពេលរយៈពេល ២០ខែមក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

កិច្ចប្រជុំពេញអង្គរបស់សភាតួកគី ដែលជាបក្សកាន់អំណាចរបស់ប្រធានាធិបតី លោក Tayyip Erdogan មានសំឡេងភាគច្រើន គ្រោងនឹងបោះឆ្នោតលើពាក្យសុំរបស់ស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ ក្នុងរយៈពេល ២០ខែ បន្ទាប់ពីទីក្រុង Stockholm បានស្នើសុំចូលបន្ទាប់ពីការលុកលុយដ៏ធំរបស់រុស្ស៊ីលើអ៊ុយក្រែន។

នៅពេលដែលស៊ុយអែត និងហ្វាំងឡង់បានស្នើសុំឱ្យចូលរួមជាមួយអង្គការណាតូនៅឆ្នាំនោះ តួកគីបានធ្វើឱ្យសមាជិកមួយចំនួនមានការភ្ញាក់ផ្អើលដោយលើកឡើងពីការជំទាស់លើអ្វីដែលខ្លួនបាននិយាយថាជា ការការពាររបស់ប្រទេសទាំង២ ចំពោះក្រុមដែលខ្លួនចាត់ទុកថាជាក្រុមភេរវករ។

យ៉ាងណាម៉ិញ នៅពេលដែលសភាផ្តល់សច្ចាប័នលើវិធានការខាងលើ លោក Erdogan ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើច្បាប់នេះក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ដែលធ្វើឱ្យប្រទេសហុងគ្រី ដែលមានទំនាក់ទំនងមិត្តភាពជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងជារដ្ឋសមាជិកតែមួយគត់ ដែលមិនទាន់យល់ព្រមចំពោះការចូលជាសមាជិករបស់ស៊ុយអែត។

ជុំវិញបញ្ហានេះ នាយករដ្ឋមន្រ្តីប្រទេសហុងគ្រី លោក Viktor Orban បាននិយាយនៅមុននេះបន្តិចថា «លោកបានអញ្ជើញសមភាគីស៊ុយអែត របស់លោកឲ្យមកធ្វើទស្សនកិច្ច និងចរចាជាមួយប្រទេសរបស់លោកក្នុងការចូលរួមក្នុងប្លុកនេះ។ ខណៈសភានៃប្រទេសហុងគ្រី កំពុងឈប់សម្រាករហូតដល់ពាក់កណ្តាលខែកុម្ភៈ»។

ដោយឡែក រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Tobias Billstrom បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ុយអែត TT ថា «មិនមានហេតុផល ដើម្បីចរចាក្នុងស្ថានភាពបច្ចុប្បន្នទេ ទោះបីជាយើងអាចមានការសន្ទនា និងបន្តពិភាក្សាក៏ដោយ»។

សូមជម្រាបថា តួកគី និងហុងគ្រី រក្សាទំនាក់ទំនងល្អជាមួយរុស្ស៊ីជាងសមាជិកដទៃទៀតនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង​ (NATO) ដឹកនាំដោយសហរដ្ឋអាមេរិក។ នៅពេលដែលប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន តួកគី បានរិះគន់ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងម៉ូស្គូ។ ក្រោយរងទណ្ឌកម្ម រុស្ស៊ីបានព្រមានថា ខ្លួននឹងឆ្លើយតប ប្រសិនបើអង្គការណាតូពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួននៅក្នុងរដ្ឋ នៃតំបន់ Nordic ទាំង២ ផងដែរ៕

ប្រភព៖ CNA

Share.