GUWAHATI ប្រទេសឥណ្ឌា៖ មនុស្ស ១២នាក់បានរងរបួសកាលពីថ្ងៃអង្គារ នៅពេលដែលយន្តហោះយោធាមីយ៉ាន់ម៉ា ១គ្រឿង រត់ធ្លាក់ផ្លូវ ពេលចុះចតនៅក្នុងប្រទេសឥណ្ឌាដើម្បីដឹកទាហានដែលបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ក្រោយមានការបះបោរពីក្រុមបះបោរប្រដាប់អាវុធជនជាតិភាគតិច ដែលកំពុងប្រយុទ្ធតតាំងនឹងរបបយោធារបស់ប្រទេសរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Star នាថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

យន្តហោះ Shaanxi Y-8 ផលិតនៅប្រទេសចិន បានរអិលធ្លាក់ពីលើផ្លូវរត់ភ្លាមៗ កាលពីថ្ងៃអង្គារ នៅអាកាសយានដ្ឋាន Lengpui ជាអាកាសយានដ្ឋានដ៏សំខាន់នៃរដ្ឋ Mizoram ភាគឦសានប្រទេសឥណ្ឌា។
មន្ត្រីអាជ្ញាធរអាកាសយានដ្ឋាននៃប្រទេសឥណ្ឌា (AAI) នៅឯទីក្រុង Lengpui បានប្រាប់ AFP ថា ជើងហោះហើរនេះកំពុងដឹកទាហានចំនួន ៩២នាក់ក្នុង១ជើង ដែលពួកគេបានភ័យរត់ចេញពីតំបន់ព្រំដែនមីយ៉ាន់ម៉ាឆ្លងចូលប្រទេសឥណ្ឌាកាលពីសប្ដាហ៍មុន។

មន្ត្រីដែលបានសុំមិនបញ្ចេញឈ្មោះបានបន្ថែមថា ក្នុងចំណោមអ្នករងរបួសទាំង ១២នាក់ មាន៤នាក់នាក់ត្រូវបានបញ្ជាក់ថា របួសធ្ងន់ធ្ងរ ខណៈពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឡើយ។
របបយោធាមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្លាក់យន្តហោះនេះគឺបណ្តាលមកពី «ការខូចម៉ាស៊ីនភ្លាមៗ ពេលចុះចតនៅអាកាសយានដ្ឋាន»។ របបខាងលើបាននិយាយថា សមាជិកនាវិក៨នាក់ បានរងរបួស និងទទួលការព្យាបាលដោយមិនផ្តល់ព័ត៌មានលម្អិត។

ជុំវិញបញ្ហានេះ ជើងហោះហើរនេះ ត្រូវបានគេសន្មត់ថា នឹងដឹកជញ្ជូនទាហានមីយ៉ាន់ម៉ាសរុបចំនួន ២៧៦នាក់ ដែលបានឆ្លងចូលទៅក្នុងប្រទេសឥណ្ឌាកាលពីសប្តាហ៍មុន ដើម្បីគេចពីការវាយលុកដោយក្រុមបះបោរប្រដាប់អាវុធ។

ចាប់តាំងពីផ្ទុះការបាញ់បោះដាក់គ្នារវាងកងទ័ពអារ៉ាកាន់ (AA) ទៅលើកងកម្លាំងសន្តិសុខរបស់របបយោធាមីយ៉ាន់ម៉ា កាលពីខែវិច្ឆិកា ឆ្នាំមុនមក តំបន់មួយចំនួនរបស់មីយ៉ាន់ម៉ា ដែលនៅជិតព្រំដែនឥណ្ឌាក៏ផ្ទុះការប៉ះទង្គិចគ្នា ក៏ដូចជាបណ្ដាលឱ្យប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំផងដែរ ដោយយោធាមីយ៉ាន់ម៉ាបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ២០២១។
ប៉ុន្ដែក្នុងខែនេះ ក្រុមបះបោរប្រដាប់អាវុធជនជាតិភាគតិច បាននិយាយថា ខ្លួនបានដណ្ដើមកាន់កាប់ទីប្រជុំជនសំខាន់ៗ នៃទីក្រុង Paletwa និងមូលដ្ឋានយោធាចំនួន៦ នៅតាមបណ្ដោយព្រំដែន Mizoram៕

