អ៊ូឡាន់បាតារ ប្រទេសម៉ុងហ្គោលី៖ អាជ្ញាធរបាននិយាយថា មនុស្ស ៦នាក់បានស្លាប់ និង១៤នាក់ទៀតរងរបួសនៅក្នុងការផ្ទុះហ្គាសដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរដ្ឋធានីរបស់ប្រទេសម៉ុងហ្គោលី នាថ្ងៃពុធ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិម៉ុងហ្គោលី (NEMA) បានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា រថយន្តមួយគ្រឿងផ្ទុកឧស្ម័នធម្មជាតិរាវ (LNG) ចំណុះ ៦០តោន បុកជាមួយរថយន្តមួយគ្រឿងទៀត ហើយបានផ្ទុះឡើងកាលពីព្រឹកថ្ងៃពុធ នេះ។
ទីភ្នាក់ងារខាងលើបន្ថែមថា «យោងទៅតាមលទ្ធផលបឋមមនុស្ស ៣នាក់បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះខាងលើ ដោយបន្ថែមថា អ្នកពន្លត់អគ្គីភ័យ ៣នាក់ក៏ត្រូវបានសម្លាប់ផងដែរ ខណៈមនុស្ស ១៤នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ»។

ជុំវិញហេតុការណ៍នេះ ក្នុងចំណោមអ្នករងរបួសទាំងនោះមាន ១០នាក់ត្រូវបានបញ្ជូនទៅព្យាបាលការរលាក ខណៈកុមារម្នាក់កំពុងត្រូវបានព្យាបាលដោយការពុលសារធាតុហ្គាស និងទារក ៣នាក់ផ្សេងទៀតកំពុងត្រូវបានថែទាំយ៉ាងម៉ត់ចត់។

ក្រោយកើតហេតុ ក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងរងគ្រោះ ហើយបាននាំគ្នាបាញ់ពន្លត់អគ្គីភ័យដែលកំពុងឆាបឆេះពេញដងផ្លូវ។ រូបភាពដែលបានចែករំលែកដោយទីភ្នាក់ងារ NEMA បានបង្ហាញឱ្យឃើញពីអណ្តាតភ្លើងដ៏ធំបានឆាបឆេះពេញផ្លូវ ហើយមានគ្រោងឆ្អឹងរថយន្តដែលឆេះអស់២គ្រឿង និងខូចខាតហេដ្ឋារចនាសម្ព័ន្ធនានានៅក្បែរនោះ។

ទីភ្នាក់ងារ NEMA បាននិយាយថា អ្នករស់នៅក្នុងប្លុកផ្ទះល្វែងក្បែរនោះត្រូវបានផ្លាស់ប្តូរទីតាំងជាបណ្តោះអាសន្ន ដោយផ្លូវជុំវិញតំបន់នោះត្រូវបានបិទ ខណៈដែលអាជ្ញាធរកំពុងធ្វើការបោសសម្អាតកំទេចកំទី។

ស្របពេលនោះដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសម៉ុងហ្គោលី លោក Richard Buangan បានសរសេរបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថា «លោកពិតជាមានការសោកស្ដាយជាខ្លាំង ដែលបានដឹងពីគ្រោះថ្នាក់ដ៏សោកនាដកម្មនេះ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ និងសហការីរបស់សមាជិកបុគ្គលិក NEMA ដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់នេះ»។
ជាមួយគ្នា ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុប (EU) ប្រចាំប្រទេសម៉ុងហ្គោលី លោកស្រី Axelle Nicaise ក៏បាននិយាយដែរថា «លោកស្រី តក់ស្លុត និងការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយឧបទ្ទវហេតុនេះ»៕

