ស្វាយរៀង ៖ បុរសម្នាក់បាក់កស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីស្រវឹងស្រាជិះម៉ូតូលឿនជ្រុលធ្លាក់ផ្លូវ តែម្នាក់ឯង កាលពីវេលាម៉ិង១២ថ្ងៃត្រង់ទី២៤ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ជនរងគ្រោះ ឈ្មោះ មាឃ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិត្រោក ឃុំខ្សែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1R-8400 ធ្វើដំណើរពីកើតទៅលិចល្បឿនលឿន រេពេញផ្លូវ ក្នុងស្ថានភាពស្រវឹង លុះដល់ចំណុចកើតហេតុ រេធ្លាក់ផ្លូវ ដួលផ្លោងបាក់កស្លាប់ភ្លាមៗនៅកន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យស្រាវជ្រាវ ទំនាក់ទំនងទៅក្រុមគ្រួសារ ចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ៕

អត្ថបទ៖ តាតុងសែនជ័យ

