ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Porsche មួយគ្រឿងបើកដោយជនជាតិចិន វ៉ាជែងចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា ខណៈរថយន្តមួយគ្រឿងទៀតមកពីក្រោយម៉ូតូកង់បី ជាន់ហ្រ្វាំងមិនទាន់ បុកផ្ទប់កង់បីឥណ្ឌាមុខក្រោយរួញកង់បីឥណ្ឌាចូលគ្នា បណ្ដាលឱ្យភ្ញៀវជិះកង់បី២នាក់របួស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០២ និង ១៥នាទីរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងមុខ ក្រសួងអធិការកិច្ច ស្ថិតនៅតាមបណ្តោយផ្លូវ ២៣៥ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកPorsche ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-1069 បើកបរដោយជនជាតិចិន ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនបានឡើងវ៉ាជែងចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកកង់បីឥណ្ឌាបើកទិសដៅផ្ទុយគ្នាពីមុខពេញទំហឹង ខណៈនោះមានរថយន្តមួយគ្រឿងទៀត ម៉ាក Honda CR-V ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-2163 មកពីក្រោយជាន់ហ្រ្វាំងមិនទាន់ បុកកង់បីឥណ្ឌា ផ្ទប់ពីក្រោយ បណ្តាលឱ្យម៉ូតូកង់មីរួញចូលគ្នារងរបួសនារី០២នាក់ ដែលជាភ្ញៀវជិះកង់បី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះឃាត់រថយន្តបង្កដើម្បីដោះស្រាយគ្នា តែដោយអ្នកបើកបរបង្កមិនសហការទើបសមត្ថកិច្ចចាប់វាយខ្នោះ បុរសជនជាតិចិនជាអ្នកបើកបររូបនោះនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីសួរនាំតែម្តងទៅ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ សេង សាវី

