ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្តបោះពួយល្បឿនលឿន ជ្រុលទៅបុកពីក្រោយម៉ូតូរឺម៉កដឹកទឹកសុទ្ធ បណ្តាលឱ្យរងខូចខាតធ្ងន់ ធ្លាក់ដបទឹកសុទ្ធរប៉ាត់រប៉ាយពេញផ្លូវ អ្នកបើកម៉ូតូរងរបួសស្រាល រលាត់ដៃជើង ខាងរថយន្តឃើញខូចខាតធ្ងន់ទាមទាររកសំណង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ចំណុចភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ភាគីខាងរថយន្ត ម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-2412 បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវ៦០ម៉ែត្រ បោះពួយល្បឿនលឿនពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកពីក្រោយម៉ូតូសណ្តោងរុឺម៉កដឹកទឹកសុទ្ធ ដែលបើកស្របទិសគ្នា រុញខ្ទាតទៅមុខជិត៣០ម៉ែត្រ បណ្តាលឱ្យធ្លាក់ដកទឹកសុទ្ធរប៉ាត់រប៉ាយពេញផ្លូវ រងរបួសជើងស្រាល ចំណែករថយន្តខ្ទេចផ្នែកខាងមុខ បែកហូរប្រេងកក្លាក់ ។

ក្រោយកើតហេតុ ភាគីខាងរថយន្ត ឃើញរងខូចខាតធ្ងន់ ទាមទាររកសំណងចំនួន៧០០ដុល្លារ ដោយលើកឡើងថារុឺម៉កបើកកណ្តាលផ្លូវ ទើបគេចមិនទាន់ ។ ចំណែកខាងរុឺម៉កលើកឡើងថា ខាងរថយន្តបើកលឿន មិនប្រុងប្រយ័ត្ន មិនរក្សាគម្លាតសុវត្តិភាព ទើបជួបគ្រោះថ្នាក់បែបនេះ បែជាមកទារលុយទៀត ។

នៅកន្លែងកើតហេតុ ការសម្របសម្រួលគ្នាមិនត្រូវ ទើបប្រគល់ឱ្យសមត្ថកិច្ចវាស់វែងយករថយន្តនិងម៉ូតូរុឺម៉កទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន រងចាំដោះស្រាយគ្នាពេលក្រោយទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.