ភ្នំពេញ៖ បុរសម្នាក់បានដួលបោកផ្ទប់និងថ្នល់ បាត់បង់អាយុជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករុឺម៉កម៉ូតូចតចោលតាមផ្លូវពីក្រោយពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្ដោយជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះ ប៊ុន រិទ្ធិ អាយុ៣៥ឆ្នាំ មានមុរបរ ជាជាងសំណង់ ស្នាក់នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញម្នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីមសេ១២៥ សារីចាស់ ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ 1B-0376 ធ្វេីដំណេីរក្នុងល្បឿនលឿន ទិសដៅ ពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុខាងលេី បានជ្រុលចង្កូតបុកពីក្រោយរុឺម៉កម៉ូតូ ដែលកំពុងចតលេីចិញ្ចេីមផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឱ្យដួលបោកផ្ទប់និងថ្នល់ ស្លាប់ភ្លាមៗនៅនិងកន្លែង យ៉ាងអនោចអធម៍  រីឯម្ចាស់រុឺម៉កម៉ូតូ បានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។
ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ សេង សាវី​

Share.