ខេត្តព្រះសីហនុ បានធ្វើការពង្រីកវិថី តេជោ តភ្ជាប់ពីវិថី២ធ្នូ មកចុងផ្លូវ៥០២ ស្ថិតនៅ តំបន់ពយតាមូង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីឱ្យបានធំទូលាយ សម្រាប់ឱ្យប្រជាពលរដ្ឋភ្ញៀវទេសចរណ៍មកលំហែកម្សាន្ត ក៏ដូចជាសម្រាប់ កម្មវិធី ផ្សេងៗ របស់ខេត្តព្រះសីហនុនាពេលខាងមុខ។ នេះជាការបញ្ជាក់របស់ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។

ថ្មីៗនេះ អភិបាលខេត្តព្រះសីហនុ ក៏បាន ចុះពិនិត្យការដ្ឋាន និងបានណែនាំឱ្យក្រុមការងារ ត្រូវពន្លឿនការរៀបចំឱ្យបានលឿន ប្រកបដោយគុណភាព និងសោភណភាពរបស់ ក្រុងព្រះសីហនុ ព្រោះ វិថីតេជោ ដែលកំពុងស្ថាបនាថ្មីនេះ គឺមានការទាក់ទាញ ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ និង មកអង្គុយលេងកម្សាន្ត ព្រោះមានទេសភាពស្អាត អាចគយគន់ផ្ទៃសមុទ្រក៏ដូចជា ទេសភាពក្នុងក្រុងព្រះសីហនុ បានយ៉ាងស្រស់ស្អាតផងដែរ។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត លោក ចេង ស្រុង បានបញ្ជាក់ថា ការចាក់ដីពង្រីកទីតាំងខាងលើនេះ គឺពង្រីកបន្ថែមប្រវែង ៥០ម៉ែត្រទៀតចូលទៅក្នុងសមុទ្រ ដើម្បីឱ្យបានទីធ្លាធំទូលាយ មានសោភណភាពល្អស្អាត និងបម្រើដល់វិស័យទេសចរណ៍។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបាន និងកំពុងរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំដើម កោងកាង រៀបចំបន្ទប់ទឹកជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ នាពេលខាងមុខកាន់តែច្រើនឡើង បន្ទាប់ពីជំងឺកូវីដ១៩ ស្ងប់ស្ងាត់ទៅវិញ៕
