ប្រជាពលរដ្ឋគួររួមគ្នា គាំទ្រផលិតផលខ្មែរ ក្រោមរូបភាព «ខ្មែរជួយខ្មែរ» ដោយជួយទិញផ្លែមៀន របស់ប្រជាកសិករ ពិសេសសហគមន៍កសិកម្ម មៀនប៉ៃលិន នៅក្នុងកាលៈទេសៈ ដ៏លំបាកនេះ។
នេះជាការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មតាមរយៈសេចក្តីជូនដំណឹងមួយបន្ទាប់ពីកសិករខ្មែរដាំមៀនប៉ៃលិន កំពុងប្រឈម នឹងការខ្វះទីផ្សារសម្រាប់នាំចេញបន្ទាប់ពីអាជ្ញាធរថៃបានបិទការនាំចូលកសិផលខ្មែរមួយនេះ។

ការអំពាវនាវរបស់ក្រសួងកសិកម្មនេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកដាំមីនបានប្រមូលគ្នាតវ៉ាកាលពីពេលថ្មីៗនេះបាននាំគ្នាយករថយន្តប្រមាណជិត ២០គ្រឿង មកតម្រៀបបិទផ្លូវនៅច្រកដូងសុំឲ្យអាជ្ញាធរស្រុក និង អាជ្ញាធរខេត្តបាត់ដំបងជួយអន្តរាគមន៍អនុញ្ញាតឲ្យរថយន្តដឹកផ្លែតាង៉ែនរបស់ពួកគាត់ជាច្រើនតោនបានចូលទៅលក់ក្នុងដីថៃផងព្រោះថៅកែថៃនិងចិនកំពុងរង់ចាំទទួលទិញរបស់ពួកគាត់។
ក្រសួងការកសិកម្មបានឲ្យដឹងថា បច្ចុប្បន្នផ្លែមៀនប៉ៃលិន បានចាប់ផ្តើមប្រមូលផល ក្នុងខែសីហានេះ ប៉ុន្តែដោយសារបញ្ហា រីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាម អនាម័យ ជាកត្តាធ្វើឲ្យមានបញ្ហាប្រឈមមិនទាន់អាច ធ្វើការនាំចេញទៅកាន់ ទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀន ប៉ៃលិនតាមច្រកព្រំដែន។

ទាក់ទងទៅនឹងការនាំចេញមៀនប៉ៃលិននេះក្រសួងកសិកម្មបានអំពាវនាវឲ្យអ្នកនាំចេញគួរបង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញ ពីព្រោះកម្ពុជាបានបើកទីផ្សារ សម្រាប់ផ្លែមៀននេះរួចហើយ តាមរយៈការសម្រេចបាននូវ ការឯកភាពគ្នាលើលក្ខខណ្ឌ តម្រូវភូតអនាម័យ សម្រាប់ការនាំចេញផ្លែមៀនកម្ពុជា ទៅកាន់ប្រទេសវៀតណាម៕


