ភ្នំពេញ ៖ ស្ត្រី២នាក់រងរបួស ម្នាក់របួសធ្ងន់បាក់ជើងស្តាំ ម្នាក់រងរបួសស្រាល បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីម ចេញពីធ្វើការងារហាងទាំងមិនទាន់អស់ជាតិស្រវឹង លឿនជ្រុលទៅបុកពីក្រោយម៉ូតូរុឺម៉កដឹកសម្ភារៈជាងសំណង់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សូមចុចអាន៖ យុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងពេលយប់ថ្ងៃដំបូងសមត្ថកិច្ចរកឃើញអ្នកបើកបរមានជាតិស្រវឹង ២៣ ករណី

ជនរងគ្រោះទាំង២នាក់ ៖ ទី១ ឈ្មោះ ធិន ឌឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកKTV មានទីលំនៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ របួសបាក់ជើងស្តាំ ។ ទី២ ឈ្មោះ ស៊ុក ម៉ាក់ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកKTV មានទីលំនៅ ភូមិបិតទឹង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង រងរបួសស្រាល ។ ជនរងគ្រោះទាំង២នាក់ ស្នាក់នៅផ្ទះជួល នៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-4765 ឌុបគ្នាចេញពីធ្វើការ វិលត្រឡប់ទៅផ្ទះ ទាំងមិនទាន់អស់ជាតិស្រវឹង តាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយម៉ូតូរុឺម៉ក ដឹកសម្ភារៈជាងសំណង់ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល២នាក់ ។



ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកមធ្យោបាយ ម៉ូតូនិងរុឺម៉ក ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

