ភ្នំពេញ ៖ បុរស៣នាក់ រងរបួសក្នុងនោះ ម្នាក់រងរបួសបាក់ដៃស្តាំ បែកក្បាល សន្លប់ស្តូកស្តឹង ចំណែក២នាក់ទៀតរងរបួសស្រាល បន្ទាប់ពីស្រវឹងស្រា ជិះម៉ូតូឌុបគ្នាល្បឿនលឿន ជ្រុលទៅបុកខឿនទ្រូងផ្លូវ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវចោមចៅ ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1E-3134 ឌុបគ្នា៣នាក់ ក្នុងសភាពស្រវឹងស្រា ជិះល្បឿនលឿន ពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកកៀរខឿនទ្រូងផ្លូវ បណ្តាលដួលបោកច្រើនត្រឡប់ រងរបួសអ្នកបើក បាក់ដៃស្តាំ សន្លប់ស្តូកស្តឹង ចំណែកអ្នករួមដំណើរ២នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកជនរងគ្រោះ២នាក់ទៀតរបួសស្រាល មិនបានជួយមើលគ្នាបែគ្នាគេចទៅបាត់ បន្សល់ទុកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍៕

អត្ថបទ៖ តាតុងសែនជ័យ

