ភ្នំពេញ ៖ យុវជនម្នាក់រងរបួសជើងស្តាំធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូលឿន ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកជាមួយម៉ូតូដឹកទឹកកក កំពុងបត់ឆ្វេង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧ និង១០ នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ពេជ្រ គាទី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KI-5472 ធ្វើដំណើរពីត្បូងទៅជើងល្បឿនលឿន ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ជ្រុលបុកជាមួយម៉ូតូ ដឹកទឹកកក ដែលជិះស្របទិស បត់ឆ្វេងកាត់ពីមុខ បណ្តាលឱ្យរងរបួសធ្ងន់ជើងស្តាំ ចំណែកខាងម៉ូតូដឹកទឹកកក រងរបួសស្រាល ។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

