ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ លឿនជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត បណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯង ដេកសន្លប់ស្តូកស្តឹង ម្ខាងទៀតរងរបួសស្រាល។ កាលពីវេលាម៉ោង១១និង២៥នាទីរសៀលថ្ងៃទី២៨ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវចោមចៅ ចំណុចភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ ណៅ ទិត្យភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតនៅភូមិចំការទៀប ឃុំកំណប់ ស្រុកគីរីវង់ ខេត្តតាកែវ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1V-3001 ធ្វើដំណើរពីកើតទៅលិច តែលើផ្លូវបញ្ច្រាស ដល់ចំណុចកើតហេតុ ជ្រុលទៅបុកជាមួយម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1N-0522 កំពុងជិះពីលិចទៅកើត បណ្តាលឱ្យភាគីជិះបញ្ច្រាស រងរបួសធ្ងន់ សន្លប់ស្តូកស្តឹង រីឯម្ខាងទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.