កំពង់ធំ៖ ដោយបច្ចុប្បន្នដីរដ្ឋនៅតំបន់បី តំបន់ខ្វាក់ទោចខ្វាក់ធំ ស្ថិតនៅក្នុងឃុំកំពង់គោដែលជនខិលខូចកំពុងតែកាប់ទន្ទ្រាន និងជីកប្រឡាយយកទឹកមកស្រោចស្រពស្រូវប្រាំងរបស់ខ្លួន ដើម្បីអាស្រ័យផលមិនបានជូនដំណឹង មកអាជ្ញាធរមូលដ្ឋាននោះឡើយ។

ការលើកឡើងរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនៅចុងសប្តាហ៍ក្នុងឱកាសដែលឯកឧត្តមលោក ចុះពិនិត្យទីតាំងដីដែលត្រូវរំលោភបំពានដីធ្វើស្រែប្រាំង មានចំនួន ៨.០០០ហិចតាដែលស្ថិតនៅតំបន់(ខ្វាក់តូចខ្វាក់ធំ) នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជនខិលខូចមួយចំនួននៅតែរុករានទន្ទ្រាន រំលោភយកដីរបស់រដ្ឋ នៅតំបន់ហាមឃាត់មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយមិនគោរពទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបន្តទៀតថា ការចុះត្រួតពិនិត្យទីតាំងធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងគឺការពិនិត្យបោះបង្គោលព្រំដីដែលឆ្វៀលហើយ និងមិនទាន់ឆ្វៀល ប្រសិនបើបងប្អូនមានក្បាលដីជាប់នឹងក្បាលដីរដ្ឋ សូមកុំរូករានទន្ទ្រានបន្តទៀត ត្រូវមានការទទួលខុសត្រូវដោយខ្លួនឯង ធ្វើឱ្យបាត់បង់ព្រៃលិចទឹកដែលជាជម្រកនៃត្រីនិងសត្វគ្រប់ប្រភេទ។

ចុងក្រោយឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលអាស្រ័យផលស្រែប្រាំងនៅដីតំបន់បី ដែលបានឆ្វៀលហើយសូមរក្សាឱ្យបានល្អ ហាមជាដាច់ខាតមិនឱ្យបន្តការទន្ទ្រានយកដីរបស់រដ្ឋទៀតឡើយ។ ជាក់ស្ដែងប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឃើញសកម្មភាពដែលជនខិលខូចកំពុងតែធ្វើសកម្មភាព អ្វីមួយនៅលើដីតំបន់បីដែលជាដីរបស់រដ្ឋសូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីចុះអន្តរាគមន៍ភ្កាម។


