ក្រោយ ធ្វើឱ្យព្រឹត្តិ្កការណ៍ យុទ្ធនាការ See You Cambodia ប្រព្រឹត្តិទៅដោយជោគជ័យ និងទទួលបានការកោតសរសើរច្រើនពីមហាជន ម៉ា ច័ន្ទបញ្ញា មិនភ្លេចអរគុណ ចំពោះមនុស្សសំខាន់ម្នាក់ក្នុងជីវិតខ្លួន។

ជាការពិតណាស់ យុទ្ធនាការ See You Cambodia ដែលផ្ដួចផ្ដើមដោយក្រុមការងារ Color Nine និងសហគមន៍ធនញ្ជ័យ គឺជាកម្មវិធីផ្សព្វផ្សាយពីវិស័យទេសចរណ៍ដ៏លេចធ្លោរមួយ ដែលមានការចូលរួមយ៉ាងសស្រាក់សស្រាំស្រាក់ដៃគ្នាពី Content Creator ល្បីៗជាច្រើនដួងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យុទ្ធនាការនេះ កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់សាធារណជន យ៉ាងណាមិញបុរសដែលស្ថិតនៅពីក្រោយជោគជ័យនៃយុទ្ធនាការ «See You Cambodia» ម៉ា ច័ន្ទបញ្ញា បានលើកឡើងថាគ្រប់យ៉ាងអាចសម្រេចទៅបានយ៉ាងរលូនដូច្នេះ ត្រូវតែអរគុណដល់មនុស្សសំខាន់ម្នាក់ដែលតែងតែគាំទ្រ និងជួយចូកជួយចែវខ្លួន ដោយមិនត្រូវការមុខមាត់ ឬទាមទារគុណសម្បត្តិអ្វីទាំងអស់។ តើមនុស្សសំខាន់ដែល លោក ម៉ា ច័ន្ទបញ្ញា រំលឹកដល់នោះគឺជាអ្នកណា?


យោងតាមការរៀបរាប់របស់លោក មនុស្សសំខាន់រូបនោះគ្មានអ្នកណាផ្សេងនោះឡើយ ប៉ុន្តែគឺជាលោកប៉ាបង្កើតរបស់លោកផ្ទាល់ ដោយលោកបានសរសេររៀបរាប់ថា៖ «ខ្ញុំបានលត់ជង្គង់អោនក្បាលសំពះសូមទោសគាត់ពេលចប់កម្មវិធី! យប់មិញ ខ្ញុំរីករាយជាខ្លាំងសម្រាប់ការអញ្ជើញចូលរួមសំណាក់ថ្នាក់ដឹកនាំ អ្នកពាណិជ្ជកម្ម សិល្បករសិល្បការនី អ្នកសារព័ត៌មាន លោកគ្រូអ្នកគ្រូ និងពីប្អូនៗសិស្សនិស្សិត200នាក់ ប៉ុន្តែ ខ្ញុំបានធ្វើកំហុសមួយដ៏ធំមួយ ព្រោះខ្ញុំនៅតែបន្តលាក់អ្នកសំខាន់ក្នុងជីវិតខ្ញុំម្នាក់ និងជាមនុស្សម្នាក់ដែលនៅពីក្រោយ ផែនការយុទ្ធនាការកម្មវិធីទាំងមូល រហូតមានការងើយឆ្ងល់ នោះ គឺលោកប៉ា អ្នកមានគុណរបស់ខ្ញុំ ឯកឧត្ដម ម៉ា សុវណ្ណា។ លោកប៉ា គឺជាមន្ត្រីម្នាក់ដ៏ពូកែ ស្មោះត្រង់ និងមធ្យ័តមួយរូប ក្នុងការងារ ដែលបានបង្រៀនខ្ញុំពីរបៀបរៀបចំជាច្រើនលាក់មុខពីក្រោយ។ គាត់មិនចង់បានគុណសម្បត្តិឬមុខមាត់អ្វីពីការរៀបចំនោះទេ បើទោះបីជាខ្ញុំបានសួរនាំសូមគាត់យ៉ាងណាក៏ដោយ។ ណាអាចប្រហែលជាដោយហេតុថា កម្មវិធី ជាកម្មវិធីទេសចរណ៍ផង។ រាល់ពេល ដែលគាត់អញ្ជើញនរណាម្នាក់ ចូលរួមកម្មវិធីអ្វីមួយគឺគាត់តែងតែព្រិតព្រៀងច្បាស់លាស់ជាទីបំផុត ក្រែងប៉ះពាល់កិត្តិយសជាតិ ក្រុមគ្រួសារ ឬស្ថាប័នណាមួយ ដែលជាហេតុ ខ្ញុំរិតតែពិបាកក្នុងការបង្ហាញគាត់។ ម្សិលមិញ ថ្ងៃកម្មវិធី ខ្ញុំបានអញ្ជើញគាត់ចូលរួម តែគាត់នៅតែមិនចង់ចូលរួម និងមិនចង់ប្រកាសឈ្មោះនានា ដែលជាការធ្វើអោយខ្ញុំ ពិបាកក្នុងចិត្ត ហើយក៏ត្រូវតែទទួលយក។ អ្វីដែលខ្ញុំមិនអាចរំលងទឹកចិត្តជាឪពុកបាននោះគឺ ប៉ាបែរជាបានចូលរួមពីដើមដល់ចប់ ហើយបានចាកចេញទាំងស្ងប់ស្ងាត់។ ដូច្នេះហើយ ថ្ងៃនេះ ទោះប៉ាខឹងកូន ស្អប់កូន ដែលកូនធ្វើខុសបណ្ដាំ ក៏កូនបានចប់ពីកម្មវិធីទាំងយប់ កូនបានទៅសូមលត់ជង្គង់សូមទោស ដើម្បី បង្ហាញថា លោកប៉ា គឺជាមនុស្សម្នាក់ដែលបាននៅពីក្រោយ ការធ្វើយុទ្ធនាការ #ស៊ីយូខេមបូឌា ពិតមែន។ បងប្អូនអាចខឹងស្អប់ខ្ញុំ ព្រោះអញ្ជើញអ្នកមានគុណមិនប្រកាសឈ្មោះ ប៉ុន្តែខ្ញុំទទួលរាល់កំហុសទាំងអស់ ព្រោះកម្មវិធីនេះ រៀបចំតែ1ខែគត់ ពី0រហូតដល់ម្សិលមិញ ហើយជាថ្មីម្ដងទៀត ខ្ញុំសូមប្រកាសថាយុទ្ធនាការនេះ គឺពិតជាមានចំណែកសំខាន់របស់លោកប៉ាខ្ញុំ គឺឯកឧត្ដម ម៉ា សុវណ្ណា។ #ស៊ីយូខេមបូឌា #ទៅលេងសៀមរាប២០២៤»


ទង្វើរបស់ លោក ម៉ា ច័ន្ទបញ្ញា បានធ្វើឱ្យសាធារណជន ពិសេសអ្នកគាំទ្រលោកកោតសរសើរយ៉ាងខ្លាំង ព្រោះបុរសដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារសង្គម រូបនេះ មានលោកឪពុកដ៏ពូកែមួយរូបនៅពីក្រោយចាំជួយជ្រោមជ្រែងរហូតទទួលបានជោគជ័យ។ លោក គឺជាកូនប្រុសកត្តញ្ញូមួយរូប ដែលគោរពនិងផ្ដល់តម្លៃជូនចំពោះអ្នកមានគុណ ហើយក៏ជាគំរូដ៏ល្អមួយ ដែលកូនៗគួរយកគំរូតាម ព្រោះមិនថាយើងធំធាត់ និងមានមុខតំណែងតួនាទីជាអ្វីក៏ដោយចុះ ក៏មិនត្រូវភ្លេចគុណ និងអរគុណចំពោះអ្នកមានគុណដែលបានផ្ដល់កំណើត ក្ដីស្រលាញ់ ការដាស់តឿន ការអប់រំ ដើម្បីតម្រង់ទិសឱ្យយើងក្លាយជាបុគ្គលល្អ និងជោគជ័យនៅសង្គមដែរ៕





