ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹងនៅចំណុចមុខមន្ទីរពេទ្យជោរៃផ្លូវជាតិលេខ១ បានឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៥គីឡូក្រាម។

តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងទៀតថា កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងជាតិស្រវឹងនៅចំណុចមុខមន្ទីរពេទ្យជោរៃផ្លូវ ជាតិលេខ១ ស្ថិតនៅភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ បានឃាត់រថយន្តមួយគ្រឿងម៉ាកឡិចស៉ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687 ដោយមានការសង្ស័យទើបកម្លាំងបានចុះឆែកឆេរក្នុងរថយន្តស្រាប់តែប្រទះឃើញគ្រឿងចំនួន៥កញ្ជប់ធំ ស្មើរនឹង ៥គីឡូក្រាម និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០ កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន ០៦គ្រាប់ ព្រមទាំងឃាត់ខ្លួនជនសង្ស័យ២នាក់មកធ្វើការសួរនាំ។

ជនសង្ស័យទាំង២នាក់៖ ទី១មានឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ទី២-ឈ្មោះ ផា វុធថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់ នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀនត្រូវបានឃាត់ខ្លួនបញ្ជូនទៅចាត់ការបន្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការ កាលពីយប់ថ្ងៃទី២៧ ខែមករាឆ្នាំ២០២៤កន្លងទៅ កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅបាន ឃាត់យានយន្តល្មើសចំនួន០៤គ្រឿង, ម៉ូតូល្មើស ០២គ្រឿង, ម៉ូតូអត់ពាក់មួក០១គ្រឿង, ម៉ូតូស្រវឹងជាតិអាល់កុល ០,៤០ឡើង ០១គ្រឿង, រថយន្តស្រវឹងជាតិអាល់កុល ០,៤០ ឡើង ០៤គ្រឿង, ឃាត់ម៉ូតូស្រវឹង ០១គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលច្បារអំពៅ, ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនគរឿងញៀនប្រមាណ៥គីឡូក្រាម៕
អត្ថបទ៖ សង្គម

